ព័ត៌មានអន្តរជាតិ July 8, 2021

វៀតណាមសម្រេចបិទខ្ទប់ទីក្រុងហូជីមិញ ២សប្តាហ៍ ក្រោយក្រុងមួយនេះរកឃើញអ្នកឆ្លងកូវីដចំនួន ៨ពាន់នាក់

Khmerpress

វៀតណាម៖ រដ្ឋាភិបាលវៀតណាមនឹងសម្រេចធ្វើការបិទខ្ទប់ទីក្រុងហូជីមិញក្នុងរយៈ ២សប្តាហ៍ ដើម្បីទប់ទល់នឹងរលកនៃការរាលត្បាតជំងឺកូវីដ ១៩ ដែលកំពុងកើនឡើងយ៉ាងគំហុកនៅក្នុងទីក្រុងមួយនេះ។

វិធានការបិទខ្ទប់ទីក្រុងដ៏សំខាន់នេះនឹងត្រូវផ្តើមអនុវត្តចាប់ពីព្រឹកព្រលឹមថ្ងៃសុក្រ ទី០៩ ខែកក្កដាស្អែកនេះ ខណៈនៅក្នុងទីក្រុងហូជីមិញមានប្រជាពលរដ្ឋប្រមាណជា ៩លាននាក់កំពុងរស់នៅ។ គួររម្លឹកថា មុនពេលមានការបិទខ្ទប់នេះ ក្រុងហូជីមិញបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៨,០០០ នាក់ ខណៈកាលពីអំឡុងខែមេសាកន្លងមក នៅទូទាំងប្រទេសវៀតណាមមានករណីឆ្លងជិត ៣,០០០នាក់ប៉ុណ្ណោះ។

បើតាមលោក Nguyen Thanh Phong ដែលអភិបាលក្រុងហូជីមិញបានឲ្យដឹងថា​ ក្នុងពេលអនុវត្តការបិទខ្ទប់នេះពលរដ្ឋនៅក្នុងទីក្រុងទាំងអស់នឹងតម្រូវឲ្យនៅក្នុងផ្ទះ ហើយអាចចេញក្រៅបានតែក្នុងករណីចាំបាច់ប៉ុណ្ណោះ ដូចជាចេញទៅទិញអាហារ និងថ្នាំពេទ្យជាដើម ខណៈអាជីវកម្មដែលមិនសូវចាំបាច់ជាច្រើនក៏តម្រូវឲ្យបិទទ្វារជាបណ្តោះអាសន្នផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលវៀតណាមទើបសម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានប្រមាណជា ៤លានដូសប៉ុណ្ណោះ ខណៈវៀតណាមមានពលរដ្ឋសរុបជិត ១០០លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia