ករណីឃាត់ខ្លួនអ្នកបើករថយន្ដតាក់ស៉ីដឹកជនជាតិចិន និងវៀតណាម នៅខេត្តស្ទឹងត្រែង ត្រូវបានដោះលែងវិញ ក្រោយគ្រួសារបង្ហោះសារសុំកិច្ចអន្ដរាគមន៍តាមបណ្ដាញសង្គម
(ស្ទឹងត្រែង)៖ អ្នកបើករថយន្ដតាក់ស៉ីម្នាក់ ដែលដឹកជនជាតិចិន និងជនជាតិវៀតណាម សរុបចំនួន៥នាក់ ហើយត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នោះ ត្រូវបានដោះលែងវិញហើយ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមគ្រួសារបង្ហោះសារសុំជំនួយអន្ដរាគមន៍ពីថ្នាក់ដឹកនាំនៅតាមបណ្ដាញសង្គម។

កូនប្រុសអ្នករត់តាក់ស៉ីដែលប្រើគណនីហ្វេសបុកឈ្មោះ Ly Sovanvathana បានអះអាងថា ឪពុករបស់ខ្លួនបើករថយន្ដតាក់ស៉ី ដឹកជនជាតិចិន២នាក់ និងជនជាតិវៀតណាម៣នាក់ ព្រមទាំងអ្នកបកប្រែម្នាក់ ចេញពីក្រុមហ៊ុន រ៉ែធ្យូងថ្ម នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទិសដៅទៅខេត្តក្រចេះ ក្នុងតម្លៃ២០០ដុល្លារ តែពេលទៅដល់ខេត្តស្ទឹងត្រែង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដងទាំងរថយន្ដ និងមនុស្សទាំងអស់។
ក្រោយមកជនជាតិចិន និងជនជាតិវៀតណាមនោះ ត្រូវបានស្ថានទូតរបស់គេទំនាក់ទំនងមកដោះលែង និងបញ្ចូនទៅប្រទេសគេវិញ។ ដោយឡែក សមត្ថកិច្ចនៅបន្ដឃុំខ្លួនឪពុករបស់ខ្លួន (អ្នកបើករថយន្ដតាក់ស៉ី) និងអ្នកបកប្រែ តាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ទើបក្រុមគ្រួសារសម្រេចចិត្តបង្ហោះសារតាមបណ្ដាញសង្គម ដើម្បីស្វែងរកយុត្តិធម៌ជូនឪពុករបស់ខ្លួន ដែលត្រូវឃាត់ខ្លួនដោយគ្មានមូលហេតុ ព្រោះត្រឹមជាអ្នករត់តាក់ស៉ីដឹកភ្ញៀវប៉ុណ្ណោះ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ អូត ស៉ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា អ្នកបើករថយន្ដតាក់ស៉ីខាងលើ ត្រូវបានសមត្ថកិច្ចដោះលែងវិញហើយ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ។
ស្រដៀងករណីនៅខេត្តស្ទឹងត្រែងនេះ សម្រាប់នៅខេត្តព្រះសីហនុវិញ ក៏មានការឃាត់ និងឃុំខ្លួនអ្នកបើករថយន្ដតាក់ស៉ីដឹកជនបរទេសដែលគេសំដៅដល់ជនជាតិចិនប៉ុន្មានថ្ងៃផងដែរ ហើយក៏ទើបតែដោះលែងវិញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានការរិះគន់នៅតាមបណ្ដាញសង្គម ដោយសំអាងហេតុផលថា ពួកគាត់គ្រាន់តែជាអ្នកបើករថយន្ដដឹកភ្ញៀវប៉ុណ្ណោះ មិនពាក់ព័ន្ធជាមួយបទល្មើសឡើយ។
ប៉ុន្ដែសម្រាប់ការឃាត់ខ្លួននេះ គេមិនដឹងថា សមត្ថកិច្ចមានតម្រុយ នៃការប្រព្រឹត្តបទល្មើសដែរយ៉ាងណា ទើបឃាត់ខ្លួនអ្នកបើករថយន្ដតាក់ស៉ីដឹកភ្ញៀវយ៉ាងដូច្នេះ?។ ហើយការឃាត់ខ្លួនដោយប្រើពេលយូរថ្ងៃបែបនេះ ត្រឹមត្រូវតាមនីតិវិធីដែរឬទេ។ យ៉ាងណាមិញ ការឃាត់ខ្លួនអ្នកបើករថយន្ដតាក់ស៉ីដឹកជនបរទេស ក៏ត្រូវបានដោះលែងវិញជាបន្ដបន្ទាប់ផងដែរ។
សូមជម្រាបថា បន្ទាប់ពីបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មជនអនឡាញនោះ កម្លាំងសមត្ថកិច្ចនៅតាមបណ្ដាខេត្តមួយចំនួន បានដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវ ដើម្បីពិនិត្យជនបរទេស ដែលធ្វើដំណើរឆ្លងកាត់។
ការដាក់គោលដៅនេះ ក៏ជាចំណែកមួយក្នុងការទប់ស្កាត់ បង្ការ និងឈានទៅបង្ក្រាបបទល្មើសផងដែរ ក្នុងករណីជនបរទេសទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញរកឃើញថា មានសង្ស័យពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្មអនឡាញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


