ព័ត៌មានជាតិ July 25, 2025

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ប្រគល់ផ្ទះ ២ខ្នង និងបង្គន់អនាម័យដល់គ្រួសារមានជីវភាពខ្វះខាត ២គ្រួសារ នៅសង្កាត់តាកោ និងសង្កាត់កំពង់លាវ ក្នុងក្រុងព្រៃវែង

Naren

(ព្រៃវែង)៖ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាពចំនួន ១០ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ២ ក្នុងផែនការឆ្នាំ២០២៥ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅសង្កាត់តាកោ និងសង្កាត់កំពង់លាវ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

នាឱកាសនោះលោក សួន សុម៉ាលីន បានឱ្យដឹងថា លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

បន្ថែមពីនេះលោក សួន សុម៉ាលីន បានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ចំពោះសម្ភារគ្រឿងផ្ទះចំនួន ២ខ្នង ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលមកពីសប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ក្នុងឱកាសនោះក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩(Covid-19) វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម គ្រុនឈីក សុវត្ថិភាពចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នឹងគោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព សរុបអ្នកចូលរួមចំនួន ៧៥នាក់ ស្រី ៥២នាក់។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក កន្ទេល ១ ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ បោយទឹក ១ ច្រាស់ដុសបង្គន់ ១ សាប៊ូ ១កញ្ចប់តូច និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។ សាខាខេត្ត ក៍បានឧបត្ថម្ភថវិកាដល់លោកតា លោកយាយ ចូលរួមក្នុងកម្មវិធីផងដែរ។

អនុសាខាក្រុងព្រៃវែង បានឧបត្ថម្ភបន្ថែមក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក ទឹកផ្លែឈើ ១កេស ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ ១យួរ ធុងចម្រោះទឹកស្អាត ១ឈុត សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន ១០០,០០០រៀល។

សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សាខាខេត្ត បានប្រគល់ផ្ទះសរុបចំនួន ២៥៥ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ២១៦បង្គន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News