អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាអំពាវនាវដល់ សហគមន៍អន្តរជាតិឱ្យថ្កោលទោសថៃ ចំពោះការរំលោភឈ្លានពានទឹកដីកម្ពុជា និងទាមទារឱ្យថៃដកទ័ពជាបន្ទាន់
(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មានជុំវិញបច្ចុប្បន្នភាពនៃការបង្កសង្គ្រាមរបស់យោធាថៃ ឈ្លានពានដែនអធិបតេយ្យកម្ពុជា នាថ្ងៃត្រង់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យថ្កោលទោសថៃ ចំពោះការរំលោភឈ្លានពានទឹកដីកម្ពុជា និងទាមទារឱ្យថៃដកទ័ពជាបន្ទាន់។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា ការទម្លាក់គ្រាប់បែកចេញពីយន្តហោះចម្បាំង F-16 ពីសំណាក់កងទ័ពឈ្លានពានសៀម មកលើប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបណ្តាលឱ្យទីតាំងមួយចំនួននៃប្រាង្គប្រាសាទរងការខូចខាត។
លោកស្រីឧត្តមសេនីយ៍ បញ្ជាក់ថា កងទ័ពឈ្លានពានសៀម បានទម្លាក់គ្រាប់បែក និងការប្រើប្រាស់ធុនធ្ងន់មកលើទឹកដីរបស់កម្ពុជា ដោយបង្កឱ្យធ្លាក់ចូលក្នុងទីតាំងប្រជាជនកម្ពុជាស្លូតត្រង់កំពុងជម្លៀស ព្រមទាំងបណ្តាលឱ្យខូចខាតទីតាំងវត្តអារាមជាដើម។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា «កម្ពុជា សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ធ្វើការថ្កោលទោសថៃ ដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពខុសច្បាប់របស់ភាគីថៃ ហើយត្រូវឱ្យភាគីថៃ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានទាំងកម្រោលរបស់ខ្លួន»។
ទន្ទឹមនឹងនេះដែរ លោកស្រីឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា កម្ពុជា ប្រាប់ឱ្យថៃ ត្រូវបញ្ឈប់សកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជា ជាបន្ទាន់ចំពោះអំពើអាក្រក់របស់ខ្លួន និងកងដកកងទ័ពចេញពីទឹកដីរបស់កម្ពុជា ដែលបង្កឱ្យស្ថានភាពកាន់តែតានតឹងឡើងជាដើម។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជា គឺរក្សាគោលការការពារខ្លួន ដោយផ្តោតលើគោលដៅយោធា និងមិនផ្តោតលើទីតាំងស៉ីវិលណាមួយឡើយ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព ប្រជាជន រួមគ្នាជាធ្លុងមួយនៅក្នុងកិច្ចការពារអធិបតេយ្យភាព សេចក្តីថ្លៃថ្នូររបស់ខ្លួនដោយមិនងាករេទោះបីក្នុងតម្លៃណាក៏ដោយ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ និងឈរជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីការពារដែនអធិបតេយ្យភាពរបស់កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី២ នៃការឈ្លានពានរបស់កងទ័ពសៀមមកលើទឹកដីកម្ពុជា ចំពោះការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
