សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះត្រួតពិនិត្យ និងជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរកំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង
(បាត់ដំបង)៖ នៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទទួលស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងលើកទឹកចិត្តដល់មន្រ្តីរាជការ ដែលកំពុងប្រចាំការសម្របសម្រួលក្នុងការវិលត្រឡប់របស់ពលករ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ត្រូវសម្រួលឱ្យបងប្អូនពលករយើងបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព។ គិតត្រឹមវេលាម៉ោងជាង១២ថ្ងៃត្រង់ទី២៦ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃជាង ៣ម៉ឺននាក់ បានសម្រុកចូលមកប្រទេស កម្ពុជាវិញ នៅតាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង។
គួរកត់សម្គាល់ថា បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានពលករខ្មែរកាន់តែច្រើនឡើងបានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News















