ព័ត៌មានជាតិ July 27, 2025

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាស្វាគមន៍ ការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិ ដែលជំរុញឱ្យមានកិច្ចចរចា បញ្ចប់ជម្លោះ

Nisaiy KP

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ​បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះការអំពាវនាវរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិ ដែលជំរុញឱ្យមានកិច្ចចរចា បញ្ចប់ជម្លោះ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

លោក ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាស្វាគមន៍ការអំពាវនាវរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិ ឲ្យមានដំណោះស្រាយដោយសន្ដិវិធី ហើយយើងជំរុញឲ្យប្រទេសថៃ ត្រឡប់ទៅវេទិកាការទូតវិញ ជាជាងថៃធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាននានាប្រឆាំង ជាមួយនឹងកម្ពុជា»

បន្ថែមពីនោះទៀត លោក ជុំ សុន្ទរី បានលើកឡើងថា កម្ពុជាបន្តប្តេជ្ញាចិត្ត ក្នុងការររកដំណោះស្រាយប្រកបដោយសន្តិវិធី និងច្បាប់អន្តរជាតិ ហើយកម្ពុជាប្តេជ្ញាការពារទឹកដីរបស់ខ្លួន។

លោក ជុំ សុន្ទរី បានបញ្ជាក់ដឹងថា អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានកិច្ចឈប់បាញ់រវាងកម្ពុជា-ថៃ និងដោះស្រាយគ្នាដោយសន្តិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News