អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ចេញសេចក្តីអំពាវនាវ ១០ចំណុច ដើម្បីរួមគ្នាទប់ស្កាត់ចរាចរណ៍ផ្លូវគោក
(ព្រះវិហារ)៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានចេញសេចក្តីអំពាវនាវចំនួន១០ចំណុច ស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមសេចក្តីអំពាវនាវរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលចុះហត្ថលេខាដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាន បញ្ជាក់ថា លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តព្រះវិហារ បានពិនិត្យឃើញថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមសំខាន់ដែលអាចកើតឡើងជាយថាហេតុ និងបណ្តាលឱ្យរងរបួស និង បាត់បង់ជីវិតភ្លាមៗ បើសិនជាអ្នកប្រើប្រាស់ផ្លូវមិនមានការប្រុងប្រយ័ត្នខ្ពស់ និងមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នេះជាចំណុច មួយដែលអ្នកប្រើប្រាស់ផ្លូវថ្នល់គួរតែធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
ទន្ទឹមនឹងនេះ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ យានយន្តធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ នឹងមានការកើនឡើងខុសប្រក្រតី ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗកើតឡើងជាយថាហេតុ ដូចក្នុងពិធីបុណ្យនានាកន្លងទៅផងដែរ។
ដូចនេះដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសនេះ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តព្រះវិហារ សូមធ្វើការអំពាវនាវដល់សាធារណជនដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងចូលរួមអនុវត្តតាមវិធានការ ដូចខាងក្រោម៖
*១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត
*២៖ មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនដាច់ខាត
*៣៖ មិនត្រូវបត់ ឬជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង
*៤៖ ត្រូវគោរពសិទ្ធអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច
*៥៖ មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត
*៦៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច នៅពេលបើកបរទោចក្រយានយន្ត (ទាំងអ្នកបើកបរ និងអ្នករួមដំណើរ)
*៧៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច នៅពេលបើកបរយានយន្ត (ទាំងអ្នកបើកបរ និងអ្នករួមដំណើរ)
*៨៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
*៩៖ មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់
*១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។
ជាថ្មីម្តងទៀត លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំ និងជឿជាក់នូវស្មារតីភ្ញាក់រលឹក ក្នុងការចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាការអនុវត្តតាមសេចក្តីអំពាវនាវនេះ ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង ជាយថាហេតុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅពេលឆាប់ៗខាងមុខនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News









