ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន លើកទឹកចិត្ដដល់អ្នកផលិតក្នុងស្រុក ខិតខំផ្គត់ផ្គង់ទំនិញដែលមានគុណភាព អនាម័យ និងថ្លៃសមរម្យ
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជំរុញ និងលើកទឹកចិត្ដ ដល់អ្នកផលិតផលក្នុងស្រុកទាំងអស់ ត្រូវតែខិតខំផ្គត់ផ្គង់ទំនិញ ដែលមានគុណភាព, មានអនាម័យ និងមានថ្លៃសមរម្យ ដើម្បីបង្កើនជំនឿទុកចិត្ដពីអ្នកប្រើប្រាស់។

ការជំរុញ និងលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥
ក្រោមប្រធានបទ៖ ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន, កម្ពុជាបានទីផ្សារបើកចំហរ ដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងន័យនេះ, ប្រជាជនកម្ពុជា មានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ, អនាម័យ, គុណភាព និងបរិមាណ ជាកត្តាចម្បងក្នុងការសម្រេចចិត្តទិញ ឬ ការប្រើប្រាស់ផលិតផលណាមួយ។
យ៉ាងណាមិញ, បច្ចុប្បន្នការផលិតទំនិញ ដើម្បីបម្រើតម្រូវការក្នុងស្រុក ចាប់ផ្តើមមាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់, ខណៈក្រុមហ៊ុន ឬ សហគ្រាសក្នុងស្រុក ក៏កាន់តែមានមូលដ្ឋានរឹងមាំជាងមុនជាបណ្តើរៗ ស្របពេលដែលប្រជាជនកម្ពុជា ចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស។
ពិតណាស់ថា ផលិតផលក្នុងស្រុករបស់យើង មានច្រើនប្រភេទ រួមមាន៖ ផលិតផល និង ម្ហូបអាហារកែច្នៃ, ចំណីអាហារ, គ្រឿងទេស, គ្រឿងឧបភោគ-បរិភោគ, គ្រឿងសម្អាង, កសិផល, វត្ថុប្រើប្រាស់ក្នុងឧស្សាហកម្ម, និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចជំនួសផលិតផលនាំចូលបានច្រើន។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា ជាក់ស្តែង, ស្ថិតក្នុងស្ថានភាពនៃការបង្កអរិភាពពីសំណាក់ប្រទេសជិតខាង, បច្ចុប្បន្ន, ផលិតករ, ឧស្សាហករ និង សិប្បករក្នុងស្រុក បាននិងកំពុងបន្តខិតខំបង្កើត, ពង្រឹង និងពង្រីកផលិតកម្មរបស់ខ្លួន។
ក្នុងបរិការណ៍នេះ, ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន មើលឃើញនូវឱកាសដ៏វិសេសចំនួន៣សម្រាប់ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុកក្នុងនោះ រួមមាន៖
ទី១៖ ឱកាសផ្សព្វផ្សាយពីផលិតផលក្នុងស្រុករបស់យើង ឲ្យកាន់តែទូលំទូលាយ និង មានការទទួលស្គាល់ ពីសំណាក់អ្នកប្រើប្រាស់;
ទី២៖ ឱកាសពង្រឹង និង ពង្រីកមូលដ្ឋានផលិតកម្មឲ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន;
និង ទី៣៖ ឱកាសស្វែងរក និង ចាប់យកទីផ្សារបន្ថែម ។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីអាចចាប់យកឱកាសទាំងនេះ បានពេញលេញ, ខ្ញុំយល់ឃើញថា ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក ត្រូវខិតខំបង្កើត និង បង្កើនជំនឿទុកចិត្តខ្ពស់ ពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុក តាមរយៈការផ្គត់ផ្គង់ទំនិញ ឬ ការផ្តល់សេវា ដែលមានគុណភាព, មានអនាម័យ និង មានថ្លៃសមរម្យ»។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជឿជាក់ថា សម្ទុះនៃការគាំទ្រផលិតផលក្នុងស្រុក, ទាំងបច្ចុប្បន្ន និង ទៅអនាគត, នឹងផ្តល់ជាកម្លាំងចិត្ត និងធនធានបន្ថែម ដល់ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុកក្នុងការពង្រឹង និងការពង្រីកសមត្ថភាពផលិតរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លា និងឲ្យបានកាន់តែល្អបន្ថែមទៀត។
បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក្នុងបរិការណ៍ដ៏អំណោយផលនេះ, លោកសូមជំរុញលើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុន និងសហគ្រាសធុនមីក្រូ, តូច និងមធ្យម ក៏ដូចជាអ្នកផលិតក្នុងស្រុកទាំងអស់ ខិតខំចាប់យកឱកាសទាំង៣៕ ផ្ដល់សិទ្ធិដោយ៖ Fresh News








