Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានលើកមកជជែកក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក វ៉ាង យី

    BY Naren September 17, 2025
    គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានលើកមកជជែកក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក វ៉ាង យី

    (ប៉េកាំង, ចិន)៖ នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហ​ប្រធាន​គណៈ​កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានជួបពិភាក្សាការងារ​ជាមួយ លោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធាន​ការិយាល័យ​គណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋ​មន្ត្រី​ការបរទេសចិន។

    ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេសចិន, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក គង់ វិមាន អគ្គលេខាធិការនៃអគ្គ​លេខា​ធិការដ្ឋាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក មាស សុខសេនសាន រដ្ឋលេខាធិ​ការ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញរបស់កម្ពុជាជាច្រើនរូប។

    កិច្ចប្រជុំនាឱកាសនេះបានពិភាក្សាលើប្រធានបទសំខាន់ៗក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិ​យោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៌ និងបច្ចេកវិទ្យាជា​ដើម ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

    គម្រោងគួរឱ្យកត់សម្គាល់ដែលបានលើកយកមកពិភាក្សាមានដូចជា គម្រោងព្រែក​ជីក​ហ្វូណនតេជោ, គម្រោងកែលំអផ្លូវជាតិលេខ៣ តភ្ជាប់កំពត-វាលរេញ, គម្រោង​សាង​សង់កំណាត់ផ្លូវជាតិលេខ៧ រមាត-ត្រពាំងគ្រៀល, គម្រោងទំនើប​កម្មប្រព័ន្ធ​ចម្រោះ​ទឹកកខ្វក់ខេត្តព្រះសីហនុ, គម្រោងពង្រីកការនាំចេញពីកម្ពុជា​ទៅកាន់ប្រទេស​ចិន​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, និងគម្រោងច្រករបៀងត្រី និងអង្ករ ជា​ដើម។

    លើកឡើងក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះលោក វ៉ាង យី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលស្វាគមន៍​យ៉ាង​កក់​ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ ខណៈលោក​ទើប​អញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុបនាពេលថ្មីៗនេះ។ ការ​ស្វា​គមន៍​នេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងលោក វ៉ាង យី និងលោក​ឧប​នាយករដ្ឋមន្ត្រីផ្ទាល់ និងទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន។

    លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះប្រទេសចិន ដែលទទួលបានភាព​ជោគ​ជ័យលើការរៀបចំកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក និងពិធី​រំលឹកខួបលើកទី៨០ នៃជ័យជម្នះរបស់ប្រជាជនចិន តស៊ូប្រឆាំង​ការឈ្លានពាន​ និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោកនាពេលថ្មីៗនេះ។

    ជាមួយគ្នា​​នេះ​ដែរ ភាគីមិត្តបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែល​រួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែកក់ក្តៅ សំដៅបង្កើតសហគមន៍​វាស​នារួម និងផលប្រយោជន៍ទៅវិញទៅមក។

    តាមរយៈកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ចំពោះការគាំទ្រឥតឈប់ឈររបស់ ប្រទេសចិនក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​កម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ បានមាន​ភាព​រីកចម្រើនគួរឱ្យកត់សម្គាល់ ពោលលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កាល​ពី​ឆ្នាំ២០១២មានទំហំតិចជាង ៥០០លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ២០២៤ កើន​ឡើង​​ដល់ប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក។ តំបន់សេដ្ឋកិច្ចពិសេសបាន​ដើរ​តួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសពិសេសពីប្រទេសចិន។

    បច្ចុប្បន្នកម្ពុជាបានអនុម័តតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧តំបន់ ហើយក្នុងនោះ​មាន ១១តំបន់ គឺជាការវិនិយោគរបស់វិនិយោគិនចិន។ គិតចាប់ពីឆ្នាំ២០២០ ដល់​ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ ៤០០គម្រោង បានចូលមក​បណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ។ ជាមួយគ្នានេះ​ដែរ​ចំពោះ​ការវិនិយោគផ្ទាល់ពីបរទេស គិតត្រឹមរយៈពេល ៨ខែ នៃឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគចំនួន ៤៩១គម្រោងហើយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័តជូនវិនិយោគិនដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: