ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន Tropical Fruit Asia បានល្មើសច្បាប់បរិស្ថាន ដោយដឹកជញ្ជូន និងបោះចោលសំរាមផ្តេសផ្តាស នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ដែលស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរកឃើញល្មើសច្បាប់បរិស្ថាន ដោយបានយកសំរាម សំណល់រឹងឧស្សាហកម្ម (សំបក និងគ្រាប់ស្វាយ) ទៅចាក់ចោលនៅទីតាំងដីវាល និងដីស្រែមួយកន្លែង ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអធិកាកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានចុះពិនិត្យលើទីតាំងផ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd បានប្រព្រឹត្តផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យបរិស្ថាន ដោយសារក្រុមហ៊ុនបានដឹកជញ្ជូន និងការទុកដាក់សំណល់រឹងឧស្សាហកម្ម ចុងក្រោយរបស់ក្រុមហ៊ុន ចាក់ចោលផ្តេសផ្តាស ពុំមែនជាទីលានទុកដាក់សំរាម សំណល់រឹងត្រឹមត្រូវ។ លើសពីនេះ ក្រុមហ៊ុនមិនបានអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថាន ដូចមានចែងក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA ដំបូង និងមិនបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន។
ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនអនុវត្តការពិន័យអន្តរការណ៍ លើករណីបានយកសំណល់រឹង ឧស្សាហកម្ម ទៅចោលលើទីតាំងដែលពុំមានការអនុញ្ញាតត្រឹមត្រូវ (អនុលោមតាមមាត្រា២៣៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ) និងមិនបានអនុវត្តតាម ផែនការគ្រប់គ្រងបរិស្ថាន ដូចមានចែងក្នុងរបាយការណ៍ EIA ដំបូង (អនុលោមមាត្រា៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០)។ លើសពីនេះក្រុមហ៊ុន មិនបានបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន (អនុលោមមាត្រា៦៩៤នៃក្រមបរិស្ថាន និងប្រកាសអន្តរក្រសួងលេខ ១០៧០)។
លើសពីនេះ ក្រសួងបរិស្ថានបានចាត់វិធានការតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់ការដឹកសំណល់រឹង (គ្រាប់និងសំបកស្វាយ) ទៅចោលនៅទីតាំងដីខាងលើជាបន្តទៀត ទោះក្នុងរូបភាពបែបណាក៏ដោយ និងត្រូវធ្វើការប្រមូល និងសម្អាតសំណល់រឹង (គ្រាប់និងសំបកស្ចាយ) ដែលបានយកទៅចាក់ចោលក្នុងទីតាំងដីរបស់ខ្លួន ចេញឱ្យអស់នៅមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News









