រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យងាកមកចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើន និងធានាទីផ្សារតម្លៃ
(បាត់ដំបង)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យងាកមកចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើន និងធានាទីផ្សារតម្លៃ។

ការណ៍នេះ បានធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រី អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកនៃសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុងត្រៀមចាប់ផ្ដើមផលិតកម្មស្រូវស្រងែតាមកិច្ចសន្យាក្នុងតម្លៃ៩៥០៛ ក្នុងមួយគីឡូក្រាម នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។
នាឱកាសនោះ លោករដ្ឋមន្រ្តី លើកទឹកចិត្តដល់ពុកម៉ែបងប្អូនមិនទាន់ចូលជាសហគមន៍កសិកម្មទំនើប ពិចារណាចូលរួមចងក្រងដើម្បីធ្វើការស្ដារមកវិញ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសការធានាទីផ្សារតម្លៃសមរម្យតាមការចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម ការទទួលគុណកម្ចីការប្រាក់ទាប និងការផ្ដល់ជំនួយបច្ចេកទេស។
នាឱកាសនោះផងដែរ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងពីសក្ដានុពលដ៏ធំធេងលើផ្ទៃដីកសិកម្មនៅក្នុងខេត្តបាត់ដំបង ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិតាំងពីសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់និងជួយដល់ប្រជាកសិករនៅគ្រប់កាលៈទេសៈ។
លោក សុខ លូ បានអំពាវនាវដល់ប្រជាកសិករ សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់
ថ្នាក់ ព្រោះរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរដែលជាឪពុកម្ដាយ មិនដែលចង់ឱ្យប្រជាពលរដ្ឋជាកូនចៅជួបការលំបាកនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News













