ព័ត៌មានជាតិ October 31, 2025

រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ ការផ្អាកការនាំចូលប្រេងពីថៃ មិនបានជះផលអវិជ្ជមានឡើយ ពោលគឺកម្ពុជានៅតែមានប្រេងប្រើប្រាស់តាមតម្រូវការ

Naren

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា ការផ្អាកនាំចូលប្រេងពីថៃ​ ជាង៤ខែមកនេះ មិនបានជះផលអវិជ្ជមានលើពលរដ្ឋខ្មែរឡើយ ពោលគឺកម្ពុជានៅតែមានប្រេងប្រើប្រាស់តាមតម្រូវការ ហើយតម្លៃប្រេងមានតម្លៃធម្មតា ពោលគឺតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស មិនមានការលក់ឡើងថ្លៃនោះទេ។

លោករដ្ឋមន្ត្រីបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានបញ្ចប់ថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣៖ ពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះ៖ «បងប្អូនប្រជាពលរដ្ឋអាចដឹងបានហើយថា មានលុយហើយទៅទិញប្រេងបានឬ អត់? សព្វថ្ងៃនេះបងប្អូនមានលុយទៅទិញប្រេងកន្លែងណាក៏បានដែរ។ ដូច្នេះ ការមិនយកប្រេងឥន្ធនៈពីប្រទេសថៃកន្លងមកនេះ មិនផ្ដល់ការប៉ះពាល់ជាវិជ្ជមានទាល់តែសោះ ផ្ទុយទៅវិញយើងមានលទ្ធភាពដើម្បីទទួលបានប្រេងគ្រប់គ្រាន់ជូនប្រជាពលរដ្ឋហើយអត់មានប៉ះពាល់ដល់តម្លៃទេ»

គួររម្លឹកថា ផ្ដើមចេញពីករណីយោធាថៃបាញ់សម្លាប់កងទ័ពកម្ពុជានៅចុងខែឧសភា នៅទីតាំងលេណដ្ឋានមួយកន្លែងនៅតំបន់មុំបី ភាពតានតឹងរវាងកម្ពុជា និងថៃ បានកើនឡើងកម្ដៅជាបន្តបន្ទាប់។ ក្រុមជ្រុលនិយមនៅថៃ និងតួអង្គរដ្ឋាភិបាលថៃខ្លះ បានព្រមានកាត់ផ្ដាច់ការផ្គត់ផ្គង់អ៊ិនធឺណិត និងអគ្គសនី និងបន្ទាប់មកគណបក្សប្រឆាំងថៃមួយបានគំរាម និងផ្ដល់យោបល់ឱ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឥន្ទនៈឱ្យកម្ពុជា។ ជាការឆ្លើយតប កម្ពុជា ចាត់ទុកសកម្មភាពនេះ មិនត្រឹមតែជាការគំរាមកំហែងប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមាថធ្ងន់ធ្ងរ។

ជាការឆ្លើយតប កម្ពុជា បានកាត់ផ្ដាច់ដោយខ្លួនឯង ឈប់នាំចូលអគ្គិសនី និងអ៉ីនធឺណិត បន្ទាប់មកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចឱ្យផ្អាកការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃទាំងស្រុង ចាប់ពីម៉ោង១២យប់ ថ្ងៃទី២២ ខែមិថុនា។ ទន្ទឹមនឹងសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ពលរដ្ឋខ្មែរ ក៏បានចាប់ផ្ដើមធ្វើពហិការឈប់ប្រើប្រាស់ទំនិញដែលនាំចូលពីប្រទេសថៃជាដើម។

ក្រោយពីកម្ពុជា ថៃ ផ្ទុះជម្លោះប្រដាប់អាវុធតាមបណ្ដោយព្រំដែន នៅខែកក្កដា លោក ទៀ ស្យាម អតីតម្ចាស់អាជីវកម្មដែលទិញសិទ្ធិប្រេន PTT CAMBODIA មួយរូបនៅប្រទេសកម្ពុជា បានប្រមូលផ្ដុំម្ចាស់ស្ថានីយ PTT មួយចំនួននៅកម្ពុជា ដើម្បីឈប់លក់ប្រេងឥន្ធនៈដែលនាំចូលពីប្រទេសថៃ ដោយលោក បានលើកឡើងថា «មនុស្សអាចទ្រាំនឹងការលំបាកបាន តែមិនអាចទ្រាំនឹងការប្រមាថមើលងាយបានឡើយ»។

បន្ទាប់មក លោក ទៀ ស្យាម បានបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា PEACE Petroleum (Cambodia) ដោយបាននាំចូលប្រេងពីប្រទេសផ្សេងពីថៃ ដើម្បីបន្តការផ្គត់ផ្គង់ប្រេងឥន្ធនៈតាមតម្រូវការរបស់ពលរដ្ឋកម្ពុជា នៅតាមអតីតស្ថានីយ៍ប្រេងឥន្ធនៈដែលធ្លាប់តែលក់ប្រេងរបស់ក្រុមហ៊ុន PTT៕ ផ្ដល់សិទ្ធិដោយ៖ Fresh News