ព័ត៌មានជាតិ April 19, 2021

នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ បង្ហាញអត្តសញ្ញាណមន្រ្តីរបស់ខ្លួនម្នាក់កើតកូវីដ និងសូមឲ្យអ្នកពាក់ព័ន្ធត្រូវតាមដានសុខភាព ហើយអនុវត្តវិធានរបស់ក្រសួងសុខាភិបាល

Khmerpress

(ភ្នំពេញ)៖ នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណមន្រ្តីរបស់ខ្លួនម្នាក់ដែលកើតជំងឺកូវីដ១៩ និងសូមអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងអង្គភាព សូមតាមដានសុខភាព និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានអធិការកិច្ច ដែលបណ្តាញព័ត៌មានផ្លូវការ Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ឲ្យបានជ្រាបថា លោកស្រីវរសេនីយ៍ទោ ង៉ូវ សុខគឹម ជានាយរងការិយាល័យកងទ័ពជើងទឹក រស់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

អ្នកជំងឺធ្លាប់បានចាក់វ៉ាក់សាំងការពារជំងឺចំនួនពីរលើករួចហើយ (លើកទី១ ថ្ងៃទី១៦ ខែមីនា និងលើកទី២ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១) ហើយសាមីខ្លួនមិនបានមកបំពេញការងារចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រោយពេលចាក់វ៉ាក់សាំងលើកទី១រួច។

ក្រោយទទួលបានសេចក្តីប្រកាសព័ត៌មាននេះ សូមនាយទាហាន នាយទាហានរង ពលទាហាន និងអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ត្រូវអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត៕ ផ្តល់សិទ្ធិដោយ៖ freshnews