Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា គាំទ្រ និងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល លើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    BY Naren May 29, 2026
    សម្តេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា គាំទ្រ និងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល លើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្អៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួមសហការគាំទ្រ និង អនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET ១,៥លាននាក់) ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ ដោយធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ដើម្បីជំរុញយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះ កាន់តែច្រើនឡើង។

    ក្នុងសារាចរណែនាំ នាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ ស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» សម្តេចធិបតី នាយករដ្ឋមន្ត្រី ណែនាំដល់នគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំងអស់ ត្រូវជំរុញគ្រូបច្ចេកទេសឱ្យបង្កើន ការស្រាវជ្រាវ និងកិច្ចសហការជាមួយសហគ្រាស គ្រឹះស្ថាន វិស័យឧស្សាហកម្ម ដើម្បីទទួលបាន នូវចំណេះដឹងថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយ ដែលជាតម្រូវការទីផ្សារការងារជាក់ស្តែង ហើយធ្វើការផ្ទេរចំណេះដឹងទាំងនោះ តាមវិធីសាស្ត្របង្រៀនថ្មីៗប្រកបដោយប្រសិទ្ធភាពក្នុងការជួយ បង្ហាត់បង្រៀនដល់សិស្ស និស្សិតឱ្យងាយយល់ ស្រួលចាំ ឆាប់ចេះ និងអាចអនុវត្តបានប្រកបដោយ គុណភាពខ្ពស់។

    ជាមួយគ្នានោះ សហគ្រាស គ្រឹះស្ថានទាំងអស់ចូលរួមគាំទ្រនិងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដោយផ្តល់ឱកាសដល់សិស្ស និស្សិត បានចុះអនុវត្តកម្មវិធីហាត់ការនិងកម្មសិក្សា ដោយផ្សារភ្ជាប់ ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ក្នុងន័យលើកកម្ពស់ការអភិវឌ្ឍជំនាញ ដើម្បីមានឱកាសជ្រើសរើស សិស្ស និស្សិត ដែលកំពុងហាត់ការឬអនុវត្តកម្មសិក្សាដែលយល់អំពីការងារស្រាប់មកធ្វើជាបុគ្គលិក របស់ខ្លួន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: