ព័ត៌មានជាតិ November 8, 2025

ដំណាប់ស្វាយស្ងួតកម្ពុជា នាំចេញទៅកាន់ទីផ្សារអូស្ត្រាលី លើកដំបូង ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង (២០២៤-២០៣០)

Liny Chan

(ភ្នំពេញ)៖ ស្ថានទូតអូស្ត្រាលី និងក្រុមហ៊ុន គីរីរម្យ ហ្វ៊ូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) បានសម្រេចនូវជោគជ័យនៃភាពជាដៃគូពាណិជ្ជកម្មថ្មីមួយ ជាមួយនឹងការនាំចេញដំណាប់ស្វាយស្ងួតកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។ នេះ គឺជាការនាំចេញលើកដំបូងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង (២០២៤-២០៣០) រវាងក្រុមហ៊ុន ខេ.អេហ្វ.ភី និងតំណាងចែកចាយលក់ដុំដ៏ធំមួយដែលមានទីតាំងនៅក្នុងប្រទេសអូស្ត្រាលី ដែលកិច្ចព្រមព្រៀងនេះជួយត្រួសត្រាយផ្លូវសម្រាប់ការផ្គត់ផ្គង់ស្វាយស្ងួតកម្ពុជា ទៅកាន់ហាងទំនិញល្បីៗនៅទូទាំងប្រទេសអូស្ត្រាលី។​

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ភាពជាដៃគូនៃការនាំចេញនេះ គឺជាភស្តុតាងដែលបង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង អូស្ត្រាលី។ ភាពជាដៃគូនេះ ក៏បានបង្ហាញពីរបៀបនៃការគាំទ្រដែលផ្តោតសំខាន់លើគោលដៅ និងភាពជាដៃគូក្នុងវិស័យឯកជន ក្នុងការបង្កើតទីផ្សារថ្មីៗ និងធ្វើឲ្យប្រសើរឡើងនូវភាពប្រកួតប្រជែងក្នុងវិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ ការនាំចេញដំណាប់ស្វាយស្ងួតនេះ គឺស្របទៅនឹងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្រ្តាលីដល់ត្រឹមឆ្នាំ២០៤០ ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអូស្ត្រាលី និងបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍។

លោកស្រី ឈន ដាលីស នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេ.អេហ្វ.ភី បានថ្លែងថា លោកស្រីមានសេចក្តីសោមនស្សក្នុងការនាំយកស្វាយស្ងួតរបស់កម្ពុជាទៅកាន់អតិថិជនអូស្ត្រាលី។ ភាពជាដៃគូរជាមួយអូស្ត្រាលី មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកជាង ១៧០០នាក់ ដែលក្នុងចំណោមនោះមានបុគ្គលិកជាស្ត្រីចំនួន ៦០ភាគរយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបង្កើនប្រាក់ចំនូលដល់កសិករខ្នាតតូច និងធ្វើឲ្យប្រសើរឡើងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាសម្រាប់ផលិតផលដែលមានគុណភាពផងដែរ។​

លោកស្រី ឈន ដាលីស បន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះ អាចកើតឡើងដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្តា្រលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានជួយក្រុមហ៊ុន ខេ.អេហ្វ.ភី ដើម្បីជម្រុញការត្រៀមខ្លួនរួចរាល់ក្នុងការនាំចេញ ក៏ដូចជាបង្កើនបណ្តាញទំនាក់ទំនងធុរកិច្ចជាមួយអូស្ត្រាលីផងដែរ។

ភាពជោគជ័យនេះ កើតឡើងស្របគ្នាទៅនឹងការតម្លើងខ្សែច្រវាក់ផលិតកម្មទឹកស្វាយកែច្នៃលើកដំបូងរបស់កម្ពុជា នៅក្នុងក្រុមហ៊ុន ខេ.អេហ្វ.ភី តាមរយៈការគាំទ្របច្ចេកទេសពីអូស្ត្រាលី។ ម៉ាស៊ីនខ្សែច្រវាក់ផលិតកម្មថ្មីនេះ អនុញ្ញាតឲ្យមានភាពច្នៃប្រឌិត ក្នុងការកែប្រែកាកសំណល់ផ្លែស្វាយទាំងនោះទៅជា ផលិតផលដែលមានតម្លៃ។ វានឹងអនុញ្ញាតឱ្យក្រុមហ៊ុន ខេ.អេហ្វ.ភី​ អាចទិញផ្លែស្វាយពី កសិករដោយមិនគិតពីទំហំ ដើម្បីកែច្នៃទៅជាទឹកស្វាយកែច្នៃ និងភេសជ្ជៈស្វាយទុំ ដែលអាចផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។​

អូស្ត្រាលី បន្តជួយសហគ្រាសកម្ពុជាក្នុងការពង្រីកសក្តានុពលនាំចេញរបស់ពួកគេ។ ក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលីបានឈានដល់ ១,១ ពាន់លានដុល្លារអាមេរិក ដោយជាង ៧០ ភាគរយនៃពាណិជ្ជកម្មនេះ គឺជាផលិតផលរបស់កម្ពុជាដែលនាំចេញទៅប្រទេសអូស្ត្រាលី។

ការនាំចេញដំណាប់ស្វាយស្ងួតចំនួន ២០តោននេះ ធ្វើឡើងបន្ទាប់ពីការនាំចេញនាពេលថ្មីៗនេះ​នូវផ្លែឈើស្ងួត និងគ្រាប់ស្វាយចន្ទីកែច្នៃរួច ដោយក្រុមហ៊ុន Royal Trust Trading និងការនាំចេញអង្ករដោយក្រុមហ៊ុន Amru Rice។ ប្រទេសអូស្ត្រាលីនៅតែប្តេជ្ញាចិត្តគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និរន្តភាព និងភាពធន់របស់ប្រទេសកម្ពុជា និងជួយដល់អ្នកផលិតក្នុងវិស័យកសិកម្មដើម្បីកែច្នៃកសិ-ចំណីអាហារក្នុងស្រុកឲ្យបានកាន់តែច្រើន សម្រាប់នាំចេញទៅកាន់ទីផ្សារសកលលោកដែលមានតម្លៃខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News