Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧកញ៉ា ឡេង និមល អ្នកជំនួញអចលនទ្រព្យ សម្លឹងឃើញសក្ដានុពលនៃខេត្តព្រះសីហនុ និងចាប់អារម្មណ៍ខ្លាំងលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស

    BY Liny Chan July 14, 2021
    ឧកញ៉ា ឡេង និមល អ្នកជំនួញអចលនទ្រព្យ សម្លឹងឃើញសក្ដានុពលនៃខេត្តព្រះសីហនុ និងចាប់អារម្មណ៍ខ្លាំងលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស

    ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានកែប្រែមុខមាត់ថ្មីក្នុងរយៈពេលដ៏ខ្លី ក្លាយជាទីក្រុងដែលមានការរីកចំរើនខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និង សំណង់អគារ ពាណិជ្ជកម្មតូច ធំ ក៏ដូចជា តាមតំបន់ទេសចរណ៍នានាបង្ហាញពីសម្រស់ និងសក្តានុពលសេដ្ឋកិច្ច។

    អ្នកជំនួញអចលនទ្រព្យ និងជាអគ្គនាយកបុរី ឡេង និមល លោកឧកញ៉ា ឡេង និមល បានបង្ហាញការចាប់អារម្មណ៍ក្រោយឃើញការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងទេសភាពស្អាតអស្ចារ្យក្នុង “ខេត្តព្រះសីហនុ”។

    លោកឧកញ៉ាមានប្រសាសន៍ថា៖ « ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏វិសេសវិសាល នឹងធនធានសេដ្ឋកិច្ចខៀវ ប្រកបដោយចីរភាព សមភាព ភាពធន់ និងធម្មជាតិពិតៗ ជាពិសេស កោះ ឆ្នេរសមុទ្រ ធនធានបាតសមុទ្រ ព្រមទាំងកំពង់ផែទេសចរណ៍ដែលជាគោលដៅ សេដ្ឋកិច្ច ធុរៈកិច្ច និងលំហែកាយវិស្សមកាល រួមទាំងជាគោលដៅទីក្រុងទេសចរណ៍ទំនើបនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត»។

    ជាមួយគ្នានេះខេត្តព្រះសីហនុ ក៏ទទួលបានគម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារចំនួន ៦០ ដោយមាន ទុនវិនិយោគ សរុបជាង ១០,៧៤ ពាន់លានដុល្លារ គិតមកដល់ពេលនេះ។ បើតាមការបញ្ជាក់របស់អភិវបាលខេត្តព្រះសីហុន លោក គួច ចំរើន នាពេលកន្លងទៅ។

    នាយករដ្ឋមន្ដ្រី សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ដ-ក្រុងព្រះសីហនុ កាលពីដើមខែមិថុនា ឆ្នាំមុនថា « តាមរយៈការអភិវឌ្ឍខេត្ដនេះ ជាទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗ បន្ថែមទៀតពីបរទេសខេត្ដនេះ ក៏នឹងបម្រើដល់ការរស់នៅដ៏ល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ »។

    គួររម្លឹកថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ទទាំងបី ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានកំណត់គោលដៅ ជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដោយសារខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៕

    Share This Post: