មេសិទ្ធិមនុស្សកម្ពុជា ស្នើឥណ្ឌូណេស៊ី ជួយជំរុញឱ្យភាគីថៃ គោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
(ភ្នំពេញ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចជំនួបនេះបានធ្វើការពិភាក្សាផ្លាស់ប្តូរទស្សនៈ បទពិសោធ និងការ អនុវត្តល្អៗ ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានស្នើដល់ រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ជួយជំរុញយ៉ាងណាឱ្យភាគីថៃគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាដោយសន្តិវិធី។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទី ដែលបានទទួលស្គាល់ជាអន្តរជាតិ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ប៉ុន្តែបែរជាប្រើផែនទីដែលថៃ គូសដោយឯកតោភាគីទៅវិញ។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្តថា ដោយសារតែប្រទេសកម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ទើបផ្តល់ឱកាសឱ្យទាហានថៃ បានចូលមកចាប់ទាហានកម្ពុជាដោយខុសច្បាប់ចំនួន២០រូប ហើយបច្ចុប្បន្នទាហានកម្ពុជាចំនួន១៨រូប ដែលថៃបន្តឃុំខ្លួន ដើម្បីធ្វើជាចំណាប់ខ្មាំងក្នុងការដោះដូរនឹងអ្វីដែលពួកគេចង់បាន។ ម្យ៉ាងវិញទៀតប្រទេសថៃ តែងតែយកបញ្ហាជាន់មីន មកធ្វើជាលេស ដើម្បីបង្កើនភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ពាក់ព័ន្ធនឹងបញ្ហាមីន ទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានចម្ការមីនរាប់សិបហិកតា ដែលបានបន្សល់ ទុកនៅតាមព្រំដែនពីសម័យសង្គ្រាមស៊ីវិលនាអំឡុងទសវត្សរ៍ទី៨០ និងបានលើកជាសំណួរថា «រាល់ពេល ទាហានថៃជាន់មីន ថាតើជាន់មីនក្នុងទឹកដីកម្ពុជា ឬជាន់មីនក្នុងទឹកដីថៃខ្លួនឯង»។ បើទាហានថៃជាន់មីនក្នុង ទឹកដីកម្ពុជា នោះបញ្ជាក់ថាពួកគេបានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ និងបានជាន់មីនចាស់ដែលបានបន្សល់ទុកពីសម័យសង្គ្រាម ប៉ុន្តែ បើពួកគេជាន់មីនក្នុងទឹកដីថៃ នោះគឺជាការទទួលខុសត្រូវរបស់ថៃខ្លួនឯង មិនពាក់ព័ន្ធនឹងកម្ពុជានោះទេ។
លើសពីនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា ប្រទេសថៃ កំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ គោលការណ៍ទាំងនេះគឺជាមូលដ្ឋានសំខាន់សម្រាប់ការរស់នៅរួមដោយសន្តិភាព ការគោរពច្បាប់ និងការរួបរួមជាតិរបស់ប្រទេសសមាជិកទាំងអស់។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Natalius Pigai និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី។ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា មានលក្ខណៈល្អប្រសើរ ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តម្លៃខ្ពស់លើសិទ្ធិរស់រានមានជីវិត និងសន្តិភាពទាំងក្នុងប្រទេស តំបន់ និងពិភពលោក ហើយក៏ស្របនឹងចក្ខុវិស័យអាស៊ានផងដែរ។
រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយក៏បានកត់សម្គាល់ថា បច្ចុប្បន្នកម្ពុជាមិនត្រឹមតែបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា ក៏ជាប្រទេសទទួលពលករបរទេសមកធ្វើការនៅក្នុងប្រទេសកម្ពុជា រួមទាំងពលករមកពីប្រទេសឥណ្ឌូណេស៊ីផងដែរ។
រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានស្នើសុំលើ៣ចំណុចសំខាន់ៗគឺ(១) បន្តការគាំពារជួយគ្នាទៅវិញទៅមកក្នុងការការពារពលករនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី (២) អញ្ជើញទេសរដ្ឋមន្ត្រី កែវ រ៉េមី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិក ស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី និង (៣) គាំទ្របេក្ខភាពឥណ្ឌូណេស៊ី ជាប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ជាមួយគ្នានេះដែររដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានបង្ហាញពីលទ្ធភាពរបស់ក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី ក្នុងការផ្តល់ជំនួយជាលក្ខណៈបច្ចេកទេស រួមមានការកសាងសមត្ថភាព បណ្តុះបណ្តាល និងជំនួយផ្សេងៗទៀតដល់មន្ត្រីកម្ពុជា។
ជាការឆ្លើយតប ទេសរដ្ឋមន្ត្រី បានលើកឡើងថាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ កម្ពុជាតែងតែយកចិត្តទុកដាក់លើសិទ្ធិសេរីភាព និងគាំពារពលករគ្រប់រូប រួមទាំងពលករឥណ្ឌូណេស៊ី ដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News









