ព័ត៌មានជាតិ
សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនម្នាក់ ក្រោយរត់គេចពីគោលដៅត្រួតពិនិត្យ និងបុកបណ្ដាលឲ្យនគរបាលម្នាក់រងរបួស នៅក្រុងព្រះសីហនុ
BY Liny Chan
November 25, 2025
(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីព្យាយាមបើកគេចពីគោលដៅ និងធ្វើឲ្យកងកម្លាំងម្នាក់រងរបួស នៅចំណុចគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច តាមបណ្តោយផ្លូវ ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅវេលាម៉ោងជាង ១២យប់ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ករណីនេះកម្លាំងនគរបាលព្រហ្មទាន់កម្រិតធ្ងន់ តាមដេញចាប់រហូតទៅដល់ ម្តុំរង្វង់មូលត្រីដូហ្វីន ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់កាំភ្លើងបាញ់ទៅលើកង់រថយន្ត ទើបអាចឃាត់ខ្លួនបាន។
ក្រោយកើតហេតុ ជនជាតិចិនខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងបន្តនីតិវិធីច្បាប់នៅស្នងការដ្ឋាននគរបាលខេត្តព្រសីហនុ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News





