ព័ត៌មានជាតិ November 26, 2025

ធនាគារពិភពលោក ផ្តល់យោបល់ឱ្យប្រើប្រាស់ម៉ោងបង្រៀនឱ្យអស់លទ្ធភាព និងកែលម្អការបង្រៀន ដើម្បីបង្កើនគុណភាពនៃការរៀននៅកម្ពុជា

Naren

(ភ្នំពេញ)៖ ប្រទេសកម្ពុជា សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការបញ្ជូនកុមារឱ្យចូលរៀន ប៉ុន្តែពេលនេះ​ចាំបាច់ត្រូវកែលម្អជាបន្ទាន់ នូវសកម្មភាព​​គ្រប់​បែបយ៉ាង​ដែលកើតឡើងនៅក្នុងថ្នាក់រៀន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

របាយការណ៍ថ្មីពីរ ដែលធនាគារពិភពលោកបានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននិយាយ​ដូច្នេះ​ ដោយសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណនៃការបង្រៀននៅតាម​សាលាបឋមសិក្សា ហើយ​បានលើកអនុសាសន៍មួយចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់មានមូលដ្ឋានគ្រឹះក្នុង​ការ​រៀនសូត្រ​ចេះ​ និងរីកចម្រើនទៅមុខទៀត។

លោកស្រី Tania Meyer នាយិកាគ្រប់គ្រងនៃ​ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា៖ «តាមរយៈការវិនិយោគលើគ្រូបង្រៀន និងការបង្កើន​ម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាស​ឱ្យកុមារទទួល​បាន​ការអប់រំកាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួន​ជា​កម្លាំងពលកម្មមួយដែលមានភាព​ប្រកួតប្រជែងជាងមុនផងដែរ»

លោកស្រីបានបន្ថែមទៀតថា «ធនាគារពិភពលោកប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីកែលម្អការរៀនសូត្រ និងបង្កើតឱកាសសម្រាប់កុមារគ្រប់រូប ហើយ​តាម​រយៈនេះ​ ត្រួសត្រាយផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងការងារកាន់តែប្រសើរ ទៅពេលអនាគត»

របាយការណ៍មួយក្រោម​ចំណងជើងថា «គុណភាពគ្រូបង្រៀន ក្នុងការអប់រំបឋមសិក្សានៅកម្ពុជា៖ ឆ្ពោះទៅរកការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង, សមិទ្ធកម្មការងារ និងការធានាគុណភាព» (Teacher Quality in Cambodia’s Primary Education: Toward Incentivizing Effort, Performance, and Quality Assurance) បង្ហាញថា ចាំបាច់​ត្រូវ​មាន​កិច្ច​ខិតខំ​ថែម​ទៀត ក្នុង​ការ​ពង្រឹង​គុណភាព​នៃការ​បង្រៀន​នៅ​តាម​សាលា។

ទោះបី​ជា​​​​ប្រាក់ខែគ្រូបង្រៀនកាន់តែខ្ពស់ បានលើកទឹកចិត្តសិស្សដែលរៀនចប់​​វិទ្យាល័យ​ជា​មួយ​ពិន្ទុល្អបំផុត ឱ្យមក​ចូល​រួមក្នុងវិជ្ជាជីវៈនេះ ក៏ពិតមែន​ ជាក់ស្តែង​នៅក្នុង​ថ្នាក់​រៀន ការអនុវត្តការបង្រៀន ឬចំ​ណេះ​ដឹងមុខវិជ្ជា ​​មិន​ទាន់មានការកែលម្អប្រសើរនៅឡើយទេ។ របាយការណ៍នេះកត់សម្គាល់ថា គ្រូបង្រៀនបឋមសិក្សាជាច្រើននៅ​តែបន្តធ្វើការងារក្រៅ ដែលជា​ហេតុ​ធ្វើ​ឱ្យ​ពួកគេ​នៅសល់​ពេល និងថាមពលកាន់​តែ​តិចតួច​​​សម្រាប់បង្រៀនសិស្សរបស់​ខ្លួន​។

ដើម្បីកែលម្អលទ្ធផលសិក្សា របាយការណ៍នេះអំពាវនាវឱ្យបង្កើនការវិនិយោគលើការបណ្តុះបណ្តាលគ្រូបង្រៀនមុនចូលបម្រើការងារ និងក្នុងពេលបម្រើការងារ​។ ជាមួយ​នឹង​ការ​រំពឹងទុក​ថា​នឹង​មាន​គ្រូបង្រៀនថ្មីជាច្រើនចូលប្រឡូកនៅ​ក្នុងវិជ្ជាជីវៈនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ពេលនេះជា​ឱកាសមួយ​ដើម្បីកសាងគ្រូបង្រៀនជំនាន់ថ្មីដែលមានគុណភាពខ្ពស់ហើយ​។

របាយការណ៍មួយទៀតក្រោម​ចំណងជើង «ម៉ោងបង្រៀន និងការរៀនរបស់សិស្ស៖ តើកម្ពុជាអាចកែលម្អលទ្ធផលសិក្សាបានដែរឬទេ តាមរយៈការដាក់ឱ្យដំណើរការកម្មវិធី សិក្សាពេញមួយថ្ងៃ នៅសាលាបឋមសិក្សា?» (Instruction Time and Student Learning: Can Cambodia Improve Learning Outcomes by Introducing Full-day Lesson Schedules in Primary Schools?) បាន​ឱ្យ​ដឹង​ថា បើទុកជា​សា​លារៀន​នៅ​កម្ពុជា​បានចែក​ពេល​ក្នុង​ថ្នាក់រៀន​យ៉ាងច្រើន​រួចទៅហើយ​សម្រាប់​មុខ​វិជ្ជា​អក្ខរកម្ម និង​លេខនព្វន្ត ក៏ដោយ ក៏សិស្ស​មួយចំនួនធំ​នៅតែ​ត្រដាបត្រដួស​ក្នុង​ការ​រៀន​​ជំនាញ​ទាំងនេះ នៅឡើយ​។

ផ្អែក​លើ​បទពិសោធន៍អន្តរជាតិ របាយការណ៍នេះផ្តល់អនុសាសន៍ឱ្យ​ចាត់វិធានការសន្សំសំចៃ ដើម្បីកែលម្អលទ្ធផល ដូចជាការកាត់បន្ថយអវត្តមានរបស់គ្រូ, ការកាត់បន្ថយការបិទសាលារៀន ក្រៅពេលឈប់សម្រាក​ផ្លូវការ និងការបង្កើនចំនួនសប្តាហ៍បង្រៀនក្នុងឆ្នាំសិក្សា។

ក្នុង​ករណី​ដែល​ក្រសួងអប់រំ យុវជន និងកីឡា សម្រេច​ពង្រីកពេល​ការសិក្សាពេញមួយថ្ងៃ នៅ​កម្រិត​បឋមសិក្សា របាយការណ៍នេះស្នើឱ្យប្រើវិធីសាស្រ្តជាជំហានៗ​ក្នុង​​រយៈពេលវែង ដើម្បីធានាបានទាំងផលដែលចង់បាន​ និងលទ្ធភាពនៃ​ការចំណាញ​ ផងដែរ។ របាយការណ៍ក៏សង្កត់ធ្ងន់ផងដែរ​លើតម្រូវការសម្រាប់ការវិនិយោគជាបន្តបន្ទាប់ ដើម្បីកែលម្អគុណភាព និងប្រសិទ្ធភាពនៃការបង្រៀនក្នុងថ្នាក់រៀន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News