UN ចាប់ផ្តើមដំណើរការដើម្បីជ្រើសរើសអគ្គលេខាធិការថ្មី ដែលនឹងត្រូវជំនួសលោក Antonio Guterres ចាប់ពីឆ្នាំ២០២៧
(យូអិន)៖ កាលពីថ្ងៃអង្គារ និតីវិធីដើម្បីជ្រើសរើសអគ្គលេខាធិការបន្ទាប់ របស់អង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមជាផ្លូវការ ខណៈដែលបណ្តារដ្ឋជាសមាជិកទាំងអស់ ត្រូវបានបង្គាប់ឱ្យស្នើឈ្មោះបេក្ខជន ដែលនឹងត្រូវឡើងកាន់តួនាទីនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រុមប្រឹក្សាសន្តិសុខ និងប្រធានមហាសន្និបាត បានធ្វើការអញ្ជើញដូចខាងលើ ក្នុងលិខិតរួមមួយ ដែលប្រការនេះចាប់ផ្តើមជាផ្លូវការ នូវការប្រកួតប្រជែងរកអ្នកដែលនឹងត្រូវជំនួសលោក Antonio Guterres ជាប្រមុខដឹកនាំថ្មីរបស់ស្ថាប័នពិភពលោកមួយនេះ។ លោក Guterres ដែលជាអតីតនាយករដ្ឋមន្រ្តីព័រទុយហ្កាល់ បានកាន់តំណែងនេះ ចាប់តាំងពីឆ្នាំ២០១៧មក។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិកចំនួន១៥ នឹងណែនាំបេក្ខជនលេចធ្លោជាងគេមួយរូប ទៅកាន់មហាសន្និបាត ដែលមានសមាជិកចំនួន១៩៣ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសជា អគ្គលេខាធិការទី១០ របស់ UN នៅឆ្នាំក្រោយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺសមាជិកអចិន្រ្តៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលមានសិទ្ធិប្រើអំណាចវ៉េតូ រួមមានសហរដ្ឋអាមេរិក រុស្ស៉ី ចិន ចក្រភពអង់គ្លេស និងបារាំង ចាំបាច់ត្រូវតែឯកភាពគ្នាលើបេក្ខជនណាម្នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

