ព័ត៌មានជាតិ November 28, 2025

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអគ្គនាយកដ្ឋានពន្ធនាគារពង្រឹងការការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់អ្នកជាប់ឃុំ ពិសេសពេលបញ្ជូនទៅតុលាការ

Liny Chan

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ។

ថ្លែងក្នុងឱកាសនោះ លោក ឆែម សាវុធ បានកោតសរសេីរ និងលេីកទឹកចិត្តខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារទាំងអស់ ដែលបានខិតខំបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួនកន្លងមកដោយសា្មរតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន៖

*ទី១៖ បន្តយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយយកផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ និងផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធនាគារ (២០២៤-២០២៨) ជាត្រីវិស័យព្រមទាំងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ដឹកនាំណែនាំនានារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

*ទី២៖ ត្រូវបន្តពង្រឹងវិន័យមន្ត្រី ការគ្រប់គ្រងជនជាប់ឃុំ ស្របតាមជំនាញវិជ្ជាជីវៈ បទដ្ឋានគតិយុត្ត បទបញ្ជាផ្ទៃក្នុងពន្ធនាគារ នីតិវិធីពន្ធនាគារ និងច្បាប់ស្តីពីពន្ធនាគារ ពិសេសផ្តោតលើការបែងចែកចំណាត់ថ្នាក់សន្តិសុខបានត្រឹមត្រូវ ហើយត្រូវបន្តរឹតបន្តឹង វិធានការឆែកឆេរ ដើម្បីទប់ស្កាត់ការលួចនាំចូលវត្ថុ សម្ភារហាមឃាត់នានាចូលក្នុងពន្ធនាគារ

*ទី៣៖ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់ ការស្វែងយល់ពីច្បាប់ លិខិតបទដ្ឋាននានា និងពង្រឹងសមត្ថភាពការងារជំនាញដល់មន្ត្រីត្រូវជំរុញការងារបណ្តុះបណ្តាលជំនាញដល់មន្ត្រីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការធ្វើផែនការការងារបណ្តុះបណ្តាលជំនាញប្រចាំឆ្នាំ ពង្រឹងសមត្ថភាពបច្ចេក វិទ្យាឌីជីថល និងត្រូវមានកម្មវិធីបណ្តុះបណ្តាលជំនាញប្រើប្រាស់អាវុធខ្លី ក្បាច់គុណ និងការប្រើប្រាស់ដំបងនៅនឹងកន្លែង

*ទី៤៖ ត្រូវពង្រឹងរបៀបរបបធ្វើការងារពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង តាមរយៈការងារ និងកិច្ចសហការតាមតួនាទី ភារកិច្ចរៀងៗខ្លួន ជៀសវាងបែងចែកការប្រកាន់បក្ខពួកនិយមក្នុងអង្គភាព និងត្រូវពិនិត្យឲ្យបានហ្មត់ចត់ការស្នើសុំតែងតាំង ការដំឡើង ឋានន្តរស័ក្តិ ត្រូវផ្អែកតាមគោលការណ៍ច្បាប់នីតិវិធីដែលបានកំណត់ និងស្របតាមគោលការណ៍វិភាគមុខងារក្របខ័ណ្ឌមន្ត្រីពន្ធនាគារ

*ទី៥៖ ត្រូវបន្តលើកកម្ពស់សេវាសុខភាព អនាម័យជនជាប់ឃុំ តាមរយៈការពង្រឹងនូវ សមត្ថភាពជំនាញដល់មន្ត្រីពេទ្យពន្ធនាគារ ការស្វែងរកជំនួយផ្នែកបច្ចេកទេស និងសម្ភារៈពេទ្យ ឬស្វែងរកដៃគូសហការ ផ្នែកសេវាសុខាភិបាលក្នុងគោលដៅធានាបាននូវការពិនិត្យថែទាំព្យាបាលទាន់ពេលវេលា

*ទី៦៖ ត្រូវបន្តយកចិត្តទុកដាក់លើការងារសមាហរណកម្មជនជាប់ឃុំ តាមរយៈការពង្រឹងកម្មវិធី អប់រំកែប្រែ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនជាប់ឃុំ និងត្រូវបន្តកិច្ចសហការ ជាមួយអង្គការដៃគូរនានា ដើម្បីស្វែងរកការគាំទ្រទាំងមធ្យោបាយ សម្ភារៈបច្ចេកទេស បម្រើដល់កម្មវិធីអប់រំកែប្រែបណ្តុះណ្តាលវិជ្ជាជីវៈ និងសមាហរណកម្មជនជាប់ឃុំ រៀបចំឲ្យមានកម្មវិធីធ្វើវិបស្សនា និងជំរុញការអានសៀវភៅឲ្យបានទៀងទាត់ ព្រមទាំងអនុវត្តកម្ម វិធីប្រឡងប្រណាំងក្នុងទណ្ឌិតឲ្យបានហ្មត់ចត់ និងសុក្រិត្យបំផុត

*ទី៧៖ ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាភាពចង្អៀតណែន នៃជនជាប់ឃុំក្នុងនោះត្រូវសហការល្អជាមួយក្រសួងយុត្តិធម៌ដើម្បីពង្រឹងការងារ បន្ធូរបន្ថយទោស និងលើកលែងទោសការងារដោះលែងដោយមានលក្ខខណ្ឌ និងជំរុញការអនុវត្តទោសការងារសហគមន៍ ព្រមទាំងត្រូវបន្តសហការជាមួយស្ថាប័នតុលាការដើម្បីពន្លឿននីតិវិធីជំនុំជម្រះក្តី និងចេញសាលក្រម សាលដីកាស្ថាពរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News