អ្នកបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៉ី កើនដល់ ៦៣១នាក់ និងនៅបាត់ខ្លួនជាង ៤៧០នាក់ទៀត រីឯនៅស្រីលង្កា អ្នកបាត់បង់ជីវិតកើនដល់ ៤១០នាក់ និងបន្តបាត់ខ្លួនជាង ៣៣០នាក់
(ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា នាថ្ងៃអង្គារនេះ តួលេខមនុស្សស្លាប់ បានបន្តកើនដល់៦៣១នាក់ ក្រោយគ្រោះទឹកជំនន់និងគ្រោះបំណាក់ដីដ៏ប្រល័យ បានវាយប្រហារទូទាំងកោះ Sumatra ហើយមនុស្សប្រមាណ១លាននាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥។

ទន្ទឹមគ្នានេះ ក្រុមសង្រ្គោះ កំពុងបន្តការស្វែងរកមនុស្សចំនួន៤៧២នាក់ ដែលត្រូវបានរាយការណ៍ថា បាត់ខ្លួននៅឥណ្ឌូណេស៉ី។ ដោយឡែក នៅឯប្រទេសស្រីលង្កា តួលេខមនុស្សស្លាប់ ដោយសារទឹកជំនន់និងបំណាក់ដី ក៏បានកើនដល់៤១០នាក់ផងដែរ នាថ្ងៃអង្គារនេះ និង៣៣៦នាក់ទៀត នៅបន្តបាត់ខ្លួន។ បើតាមអាជ្ញាធរស្រីលង្កា មនុស្សសរុបជាង១.៥លាននាក់ បានរងផលប៉ះពាល់ ក្នុងគ្រោះធម្មជាតិដ៏អាក្រក់បំផុត គិតចាប់តាំងពីគ្រោះមហន្តរាយរលកស៊ូណាមិ ឆ្នាំ២០០៤។ បណ្តាស្ថាប័នរដ្ឋាភិបាល និងអង្គការផ្តល់ជំនួយនៅឥណ្ឌូណេស៉ី និងស្រីលង្កា កំពុងស្ទុះស្ទាព្យាយាមនាំយកជំនួយ ទៅឱ្យប្រជាជនដែលទទួលរងការប៉ះពាល់។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រព័ន្ធអាកាសធាតុដាច់ដោយឡែកពីគ្នា បាននាំមកនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា និងជាច្រើនថ្ងៃជាប់គ្នា នៅទូទាំងប្រទេសស្រីលង្កា និងកោះ Sumatra របស់ឥណ្ឌូណេស៉ី ព្រមទាំងនៅភាគខាងត្បូងប្រទេសថៃ និងភាគខាងជើងប្រទេសម៉ាឡេស៉ី។ នៅភាគខាងត្បូងថៃ ទឹកជំនន់បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៧៦នាក់។ រីឯនៅម៉ាឡេស៉ី មានអ្នកស្លាប់ត្រឹម២នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News





