គ្រួសារវីរកងទ័ព ដែលមានជីវភាពខ្វះខាតនៅក្រុងព្រះវិហារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា និងនាយឧត្តមសេនីយ៍ ខេង សុមេធ
(ព្រះវិហារ)៖ គ្រួសារវីរកងទ័ពមួយគ្រួសារដែលមានជីវភាពខ្វះខាតរស់នៅភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា និងអំណោយនាយឧត្តមសេនីយ៍ ខេង សុមេធ តាមរយៈលោកឧត្តមសេនីយ៏ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា លោក ស៊ឹម សុខហេង ជាវីរកងទ័ពកំពុងឈរជើងនៅសមូរភូមិទិសភ្នំទ្រព្យ ខេត្តព្រះវិហារ ដែលមានគ្រួសាររស់នៅភូមិសង្កាត់ខាងលើ ត្រូវបានលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ និងជាប្រធានអនុសាខាកាក បាទក្រហមកម្ពុជាក្រុង ដឹកនាំក្រុមការងារនាំអំណោយជាសម្ភារ ថវិកា យកទៅប្រគល់ជូនដល់លំនៅដ្ឋាន។
ដោយឡែកលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងជាអនុប្រធានគណៈបញ្ជាការនគរបាលជាតិប្រចាំទិស ភូមិភាគទី៤ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជូនគ្រួសារវីរកងទ័ពរូបនេះផងដែរ។
អំណោយទាំងនោះរួមមាន៖ ភេសជ្ជៈ ទឹកផ្លែឈើ ទឹកសុទ្ធ មី ទឹកត្រី ទឹកស៊ីអ៉ីវ អង្ករ និងថវិកាចំនួន ១,០០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







