ព័ត៌មានជាតិ December 8, 2025

រដ្ឋមន្ត្រី ហួត ហាក់៖ ចាប់ពីពាក់កណ្ដាលខែមិថុនា ដល់ខែតុលា ឆ្នាំ២០២៦ ភ្ញៀវចិនអាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ

Liny Chan

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះ កម្ពុជា-ចិន ដើម្បីចូលរួមអបអរសាទរ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» និងដើម្បីអបអរសាទរខួបលើកទី៦៧ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន និងបានប្រព្រឹត្តទៅក្នុងបរិការណ៍ដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រឹងពង្រីកពូនជ្រំ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការអញ្ជើញចូលរួមពីលោក លូ ឈីជឺ (LU Qizhi) ប្រធានការិយាល័យខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក ឌី រ៉ាដូ អភិបាលរង តំណាងលោក ប្រាក់ សុភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង, លោក លោកស្រី សិល្បករ សិល្បការិនីកម្ពុជា-ចិនភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ១,៥០០នាក់ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នាខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ និងជាជន្ទល់សេដ្ឋកិច្ច ដែលចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ចតាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញអនុវត្តនូវគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។

រដ្ឋមន្ត្រី ហួត ហាក់ បានបន្តថា ជាការពិតមិនអាចប្រកែកបាន អនាគតនៃវិស័យទេសចរណ៍ កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ ក្នុងន័យនេះ កម្ពុជា បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា។

ឈរលើស្មារតីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍, ស្ថានទូតចិនប្រចាំកម្ពុជា, វិស័យឯកជន, និងក្រសួង ស្ថាប័នពាក់ព័ន្ធ, ព្រមទាំងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវធិបតីនាយករដ្ឋមន្ត្រី, រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (នៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា)។ តាមន័យនេះ ក្នុងរយៈពេល៤ខែខាងលើ ប្រជាជនចិនទាំងអស់ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា គូសបញ្ជាក់បន្ថែមថា ការសម្រេចរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត សម្រាប់វិស័យទេសចរណ៍កម្ពុជា-ចិនដែលនឹងត្រួសត្រាយផ្លូវ សម្រាប់កិច្ចសហការកាន់តែទូលំទូលាយរវាងប្រទេសយើងទាំងពីរ ពិសេសជំរុញលំហូរភ្ញៀវទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

ជាថ្មីម្តងទៀត លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងដោយវិជ្ជមានថា តាមរយៈការដាក់ឱ្យដំណើរការសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននៅឆ្នាំ ២០២៦ រួមជាមួយការរៀបចំព្រឹត្តិការណ៍ «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» នាពេលនេះ និងព្រឹត្តិការណ៍ធំៗ និងទាក់ទាញនានា នាឆ្នាំ២០២៦ នឹងបន្តបើកផ្លូវប្រកបដោយទំនុកចិត្តសម្រាប់ទាក់ទាញទេសចរ និងវិនិយោគិនចិន មកទស្សនា និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ប្រកបដោយសុវត្ថិភាព និងគុណភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News