ព័ត៌មានជាតិ December 8, 2025

សារព័ត៌មាន CNN ដាក់ចំណងជើងធំៗថាថៃបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា

Liny Chan

(CNN)៖ សារព័ត៌មានអាមេរិក CNN នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូនេះបានដាក់ចំណងជើងធំៗថាថៃបានបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា ខណៈភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២ ផ្ទុះឡើងសាជាថ្មីដែលនេះបាន និងកំពុងបង្កហានិភ័យនៃការដួលរលំកិច្ចព្រមព្រៀងសន្តិភាពដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាអ្នកសម្របសម្រួលឡើងកាលជាង២ខែមុន។

ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃចន្ទនេះដែរ បានឱ្យដឹងថាចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News