សាស្រ្តាចារ្យនៅប្រទេសថៃ អំពាវនាវថា វាមិនទាន់ហួសពេលទេ ក្នុងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ ក្រោយយោធាថៃបើកការវាយប្រហារលើកម្ពុជា
(បាងកក)៖ សាស្រ្តាចារ្យថៃមួយរូប នាថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា វាមិនទាន់ហួសពេលនៅឡើយទេ ក្នុងការវិលត្រឡប់ទៅរក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួវិញ បន្ទាប់ពីយោធាថៃបានបើកការវាយប្រហារលើប្រទេសកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។

លោកស្រី Paungthong Pawakapan ដែលជាសាស្រ្តាចារ្យមួយរូបផ្នែកវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ Chulalongkorn បានបង្ហោះសារនៅលើ Facebook អំពីការផ្ទុះជម្លោះសាជាថ្មីនៅព្រំដែនថៃ-កម្ពុជា។ លោកស្រីបានសរសេរថា ដើម្បីចាកចេញពីជម្លោះបច្ចុប្បន្ន លោកស្រីជឿជាក់ថា ប្រទេសទាំងពីរចាំបាច់ត្រូវវិលត្រឡប់ទៅរក កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួវិញ ហើយវាមិនទាន់យឺតពេលទេ។
លោកស្រី Paungthong បាននិយាយថា ថៃនិងកម្ពុជាបានឈានដល់ចំណុចមួយ ដែលប្រទេសទាំងពីរ ហាក់មិនអាចដោះស្រាយបញ្ហារបស់ពួកគេ ដោយទ្វេភាគីនោះទេ។ ការចរចាកន្លងមកបានទទួលបរាជ័យម្តងហើយម្តងទៀត ហើយយោធាប្រទេសទាំងពីរ ក៏ដឹងច្បាស់ដែរថា គ្មានភាគីណាអាចយកឈ្នះភាគីម្ខាងទៀតដោយប្រើកម្លាំងឡើយ ព្រោះយន្តការអន្តរជាតិ តែងតែត្រៀមជាស្រេចដើម្បីធ្វើអន្តរាគមន៍ ជាពិសេស ភាគីកម្ពុជាមានឆន្ទៈជានិច្ច ដើម្បីប្រើប្រាស់យន្តការទាំងនោះ។
ជាចុងក្រោយ លោកស្រីសាស្រ្តាចារ្យ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋថៃទាំងឡាយ ដែលកំពុងទទូចចង់ឱ្យមានសង្រ្គាម យល់ឱ្យច្បាស់ថា ជំនឿដែលថាថៃជាប្រទេសធំជាង ខ្លាំងជាង ហើយមានសមត្ថភាពយកឈ្នះលើប្រទេសកម្ពុជា ដោយប្រើប្រាស់កម្លាំងយោធានោះ នឹងមិនអាចក្លាយជាការពិតទេ។ ផ្ទុយទៅវិញ សង្គមស៉ីវិលនៅប្រទេសទាំងពីរ ចាំបាច់ត្រូវជំរុញរដ្ឋាភិបាលទាំងសងខាង ឱ្យស្វែងរកដំណោះស្រាយប្រាកដប្រជាមួយ ដើម្បីដោះស្រាយជម្លោះនេះ ព្រោះវាមិនផ្តល់ប្រយោជន៍ដល់នរណាម្នាក់ឡើយ ជាពិសេសសម្រាប់សហគមន៍រស់នៅតាមព្រំដែន និងស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែង របស់ប្រជាជនទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
