Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជំហររឹងរូសរបស់លោក អនុទីន លើជម្លោះជាមួយកម្ពុជា កំពុងប្រថុយនឹងកំហឹងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

    BY Liny Chan December 10, 2025
    ជំហររឹងរូសរបស់លោក អនុទីន លើជម្លោះជាមួយកម្ពុជា កំពុងប្រថុយនឹងកំហឹងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

    (បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន កំពុងប្រើប្រាស់ជម្លោះព្រំដែនជាមួយកម្ពុជា ដើម្បីដុតបញ្ឆេះគំនិតជាតិនិយមនៅក្នុងស្រុក មុនការបោះឆ្នោតសកលមកដល់។ តែដើម្បីធ្វើដូច្នេះ លោក Anutin ក៏កំពុងប្រថុយបង្កការខឹងសម្បាដល់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានអួតពីការបិទបញ្ចប់សង្រ្គាមជាច្រើនក្នុងនោះរួមមានទាំងជម្លោះរវាងកម្ពុជា និងថៃ។

    នេះគឺជាផ្លូវដ៏លំបាកមួយដែលលោក Anutin បានជ្រើសរើសដើរជាមួយការទទូចថាជម្លោះជាមួយកម្ពុជា គឺដាច់ដោយឡែកពីកិច្ចចរចាពន្ធគយ ជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែលោក ត្រាំធ្លាប់បានលើកឡើងថា លោកបានប្រើការសម្លុតគំរាមពន្ធគយដើម្បីបញ្ចុះបញ្ចូលឱ្យកម្ពុជា និងថៃចុះកិច្ចព្រមព្រៀងសន្តិភាព។ នៅឯពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីខែតុលាកន្លងទៅ ក្នុងទីក្រុងគូឡាឡាំពួ លោក ត្រាំ បាននិយាយថា «យើងបានធ្វើរឿងដែលមនុស្សជាច្រើននិយាយថាមិនអាចទៅរួច ហើយយើងបានសង្រ្គោះជីវិតមនុស្សរាប់លាននាក់»

    កាលពីខែវិច្ឆិកា ជាថ្មីម្ដងទៀត លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមេដឹកនាំកម្ពុជា និងថៃគោរពអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីទីក្រុងបាងកកបានព្យួរការអនុវត្ត តាមកិច្ចព្រមព្រៀងនេះដោយឯកតោភាគី។ កាលពីថ្ងៃអង្គារ ទី៩ ខែធ្នូនេះដែរលោកបានអះអាងថារូបលោកនឹងហៅ ទូរស័ព្ទទៅកាន់មេដឹកនាំកម្ពុជា និងថៃនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីបញ្ចប់ជម្លោះ។

    តាមក្រុមអ្នកវិភាគ ក្នុងពេលបច្ចុប្បន្ន លោក អនុទីន កំពុងផ្តោតយ៉ាងខ្លាំងលើការបង្កើនប្រជាប្រិយភាពនៅក្នុងស្រុកមុនការបោះឆ្នោតសកល។ លោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃកាលពីប៉ុន្មានខែមុន ជាមួយការសន្យាជាមួយបក្សប្រឆាំងថានឹងរំលាយរដ្ឋសភា រៀបចំការបោះឆ្នោតមុនអាណត្តិដែលត្រូវបានរំពឹងថា នឹងធ្វើឡើងនៅខែមីនា ឆ្នាំក្រោយ។ «អ្នកនយោបាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនតែងតែត្រូវការ បញ្ហាមួយចំនួនដើម្បីជំរុញការគាំទ្រពីប្រជាជនចំពោះរបបរបស់ពួកគេ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Su Mon ជាអ្នកវិភាគខាងអាស៊ីប៉ាស៊ីហ្វិកមកពី Armed Conflict Location & Event Data Project ប្រាប់សារព័ត៌មាន Bloomberg។ លោកស្រីបន្តថា «មានការគំរាមកំហែងពីខាងក្រៅ ផ្ដល់ភាពងាយស្រួលដល់ការបង្កើតសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជន»។

    លោកស្រី Su Mon យល់ថា លោក អនុទីន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់យោធារបស់លោកលើបញ្ហាព្រំដែនជាមួយកម្ពុជា ដែលនេះមានសារៈសំខាន់ណាស់សម្រាប់គ្រប់រដ្ឋាភិបាលថៃ ដែលត្រូវមានទំនាក់ទំនងល្អជាមួយយោធាថៃ។ តែវាក៏មានសារៈសំខាន់ផងដែរសម្រាប់ថៃ ដែលត្រូវមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ជាទីផ្សារនាំចេញផលិតផលរបស់ខ្លួនមានទំហំទឹកប្រាក់ ៦៣.៣៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។ លោកស្រី Laura Schwartz ជាអ្នកវិភាគជាន់ខ្ពស់ខាងកិច្ចការអាស៊ីមកពីក្រុមហ៊ុន Verisk Maplecroft បាននិយាយថា «ការវិនិយោគផ្ទាល់ខ្លួនរបស់លោក ត្រាំ នៅក្នុងការសម្របសម្រួល បទឈប់បាញ់មានន័យថា ការផ្ទុះឡើងជាថ្មីនូវអំពើហិង្សា នឹងកែប្រែទស្សនៈយល់ឃើញរបស់សហរដ្ឋអាមេរិក ចំពោះភាពគួរឱ្យទុកចិត្តបានរបស់ថៃក្នុងនាមជាដៃគូចរចាមួយដោយចៀសមិនរួច»

    តែយ៉ាងណាក៏ដោយ ក្នុងពេលនេះលោក អនុទីន ហាក់ប្រងើយកន្តើយនឹងហានិភ័យនេះ ដោយកាលពីថ្ងៃទី៨ ខែធ្នូ លោកបាននិយាយថា «នេះជាជម្លោះរវាងថៃ និងអ្នកជិតខាងរបស់ខ្លួន» ហើយនៅពេលត្រូវបាន សាកសួរថាតើលោកមានការបារម្ភពីកិច្ចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែរឬទេ? លោកបានឆ្លើយថាលោកមិនខ្វល់នោះទេ។

    គួរបញ្ជាក់ថា ជំហរប្រឆាំងកម្ពុជារបស់លោក អនុទីន ទទួលបានការគាំទ្រមួយចំនួនពីប្រជាជនថៃ។ ការស្ទង់មតិមួយកាលពីខែសីហា បានរកឃើញថា អ្នកត្រូវបានសម្ភាសន៍ជាងពាក់កណ្ដាលបាននិយាយថា ថៃមិនគួរមានទំនាក់ទំនងជាមួយកម្ពុជានោះទេ ហើយភាគច្រើនលើសលុបជឿថា ការលូកលាន់ពីមហាអំណាចគឺដើម្បីប្រយោជន៍ផ្ទាល់របស់ពួកគេតែប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: