ក្រសួងការពារជាតិ ច្រានចោលការផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគ២ ថៃ ដែលចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ជនបរទេស ជួយបង្ហោះដ្រូនទំលាក់គ្រាប់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលចំពោះការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគ២ ថៃ ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ជនបរទេសមកជួយបង្ហោះដ្រូនទំលាក់គ្រាប់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។
កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


