BREAKING: អង្គការ UNESCO កំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ ទៅលើការខូចខាតប្រាសាទបុរាណរបស់ខ្មែរ ដោយសារកងទ័ពថៃបាញ់បំផ្លាញ
(ភ្នំពេញ)៖ មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO បានឱ្យដឹងថា អង្គការនេះ កំពុងត្រៀមខ្លួនជាស្រេច ជាមួយនិងបច្ចេកទេស និងវិធានការនានា ដើម្បីជួយដល់ប្រាសាទខ្មែរមួយចំនួន ដែលរងការខូចខាតធ្ងន់ធ្ងរ ដោយសារតែទាហានថៃបាញ់បំផ្លាញ ក្នុងពេលកំពុងមានជម្លោះប្រដាប់អាវុធនៅតាមព្រំដែន។

លោក Lazare Aloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) បានថ្លែងតាមប្រព័ន្ធ Video ពីប្រទេសបារាំង មកកាន់កិច្ចប្រជុំពេញអង្គលើកទី៣២នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែប។
លោកថ្លែងទៀតថា អង្គការយូណេស្កូ ពិតជាកំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ ព្រមទាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ជំនួយបច្ចេកទេស និងវិធានការនានា ដើម្បីការពារដល់សម្បត្តិបេតិកភណ្ឌទាំងឡាយរបស់កម្ពុជា ទៅតាមលក្ខខណ្ឌដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ។
ការថែ្លងរបស់នាយកមជ្ឍមណ្ឌលបេតិកភណ្ឌពិភពលោកនេះ ធ្វើឡើងបន្ទាប់ពីកងទាហានថៃ បានប្រើអាវុធធុនធ្ងន់បាញ់បំផ្លាញប្រាសាទបុរាណខ្មែរមួយចំនួនដូចជា ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ នៅពេលដែលមានជម្លោះព្រំដែនថ្មីៗ។
កាលពីថ្ងៃទី១០ ខែធ្នូ អង្គការយូណេស្កូ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹង នៃជម្លោះព្រំដែនជាថ្មី រវាងកម្ពុជា និងថៃ រួមទាំងនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកផងដែរ។
អង្គការយូណេស្កូ ក៏អំពាវនាវឱ្យភាគីទាំងអស់ មានការការពារបេតិកភណ្ឌវប្បធម៌របស់តំបន់ជាបន្ទាន់ នូវគ្រប់ទម្រង់ទាំងអស់ ជាពិសេស គឺកាតព្វកិច្ចគោរពច្បាប់អន្តរជាតិ អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


