ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ សម្តីរបស់ អានុទីន បង្ហាញថាជាមនុស្សគ្មានមេត្តាធម៌ ជាមនុស្សព្រៃផ្សៃ ជាមនុស្សមិនគោរព និងឱ្យតម្លៃទៅលើជីវិតរបស់មនុស្ស
(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា អានុទីន ឆាន់វីរៈគុល បានគូសបញ្ជាក់ថា សម្តីបានបង្ហាញថាគាត់ជាមនុស្សគ្មានមេត្តាធម៌ ជាមនុស្សព្រៃផ្សៃ ជាមនុស្សមិនគោរព និងឱ្យតម្លៃទៅលើជីវិតរបស់មនុស្ស។

ការចេញមកបញ្ជាក់បែបនេះរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងក្រោយពីលោក អានុទីន ឆាន់វីរៈគុល ដែលជានាយករដ្ឋមន្ត្រីរត់ចោលកៅអី បានបង្ហោះលើបណ្តាញសង្គមថាយោធាថៃ នឹងបន្តអនុវត្តសកម្មភាពយោធា មកលើកម្ពុជារហូតដល់លែងមានអារម្មណ៍ថាមានគ្រោះថ្នាក់ និងការគំរាមកំហែងដល់ទឹកដី និងប្រជាជនរបស់ថៃ។
ត្រង់ចំណុចនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងថា ពាក្យសម្តីរបស់អានុទីន គឺបានឆ្លុះបញ្ចាំងពីការគិតរបស់មេដឹកនាំចាំផ្ទះរូបនេះ និងក្រុមរបស់ពួកគេចង់ឃើញកម្ពុជាធ្លាក់ខ្លួនជាប្រទេសទន់ខ្សោយ និងក្រីក្រ។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តីបានបង្ហាញថាគាត់ជាមនុស្សគ្មានមេត្តាធម៌ ជាមនុស្សព្រៃផ្សៃ ជាមនុស្សមិនគោរព និងឱ្យតម្លៃទៅលើជីវិតរបស់មនុស្ស។ ចំណែកខាងកម្ពុជាវិញ, យើងធ្លាប់ជាប្រទេសខ្លាំង ធ្លាប់ជាប្រទេសមួយដែលមានភាពចំណាស់ជាងគេក្នុងចំណោមប្រទេសមួយចំនួនតូចនៅអាសុី នារាប់សតវត្សរ៍កន្លងមក។ ចក្រភពខ្មែរ ធ្លាប់មានគុណបំណាច់ និងមានមេត្តាធម៌ឱ្យកុលសម្ព័ន្ធតូចមួយធ្វើការដាំដុះនៅជុំវិញក្រុងអង្គរដែលសព្វថ្ងៃបានក្លាយជាប្រទេសមួយកំពុងមានអំនួតបង្កើតសត្រូវជុំទិស»។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ថែមថា សម្តីអានុទីនរូបនេះ បាននិងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរឡើងតស៊ូដោយមិនខ្លាចបាត់បង់ជីវិតក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រ។ ហេតុដូច្នេះ ប្រជាជននៃប្រទេសទាំងពីរគ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ។
ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា ដំណោះស្រាយមានតែបញ្ញាវន្តថៃ ប្រជាជនថៃ អាជីវករថៃ និង អ្នកនយោបាយថៃដែលស្រឡាញ់សន្តិភាព មិត្តភាព ស្រឡាញ់ជីវិតមនុស្ស និងការអភិវឌ្ឍត្រូវរួបរួមគ្នាជ្រើសរើសមេដឹកនាំដែលមានគុណសម្បត្តិល្អដើម្បីកសាងព្រំដែនសន្តិភាពជាមួយកម្ពុជា រួមគ្នាបង្កើនមិត្តភាព សហប្រត្តិបត្តការ និងការអភិវឌ្ឍយូរអង្វែង។ បើមិនដូច្នេះទេ ការបង្ហូរឈាមនៃប្រជាជននៃប្រទេសទាំងពីរនឹងបន្តហូរគ្មានទីបញ្ចប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

