រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកដំណើរការចេញចូលទាំងស្រុង តាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងស្រុង ចាប់ពីថ្ងៃនេះរហូតដល់មានការចេញដំណឹងជាថ្មី។

ក្រសួងមហាផ្ទៃបញ្ជាក់ថា យោងលើការវិវត្តនៃស្ថានភាពព្រំដែន ដែលភាគីថៃបានកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយវាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅ បណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួសព្រមទាំងប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិសាសន៍ ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន។
ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងព្រះរាជាណាចក្រថៃ ត្រូវបន្តរស់នៅ និងធ្វើការក្នុងប្រទេសថៃ ជាធម្មតា។ ដូចគ្នាដែរ ប្រជាពលរដ្ឋថៃដែលកំពុងរស់នៅ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជា ជាធម្មតាដែរ រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។
ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរគ្រប់ រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ ផ្តល់ការគាំពារគ្រប់បែបយ៉ាងអស់ ពីលទ្ធភាពដល់ប្រជាពលរដ្ឋថៃ និងជនបរទេសទាំងឡាយ ទាំងអ្នករស់នៅតំបន់ព្រំដែន និងទូទាំងប្រទេស ឱ្យបានដូចគ្នានឹងប្រជាពលរដ្ឋកម្ពុជាដែរ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ស្នើក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលថៃ ផ្តល់ការគាំពារដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដូចគ្នាដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


