ព័ត៌មានជាតិ December 16, 2025

BREAKING: ទូតរុស្ស៉ីនៅកម្ពុជា៖ មិនមានព័ត៌មានថា មានពលរដ្ឋរុស្ស៉ីធ្វើជាទាហានស៉ីឈ្នួលឲ្យកម្ពុជា ក្នុងសង្គ្រាមឈ្លានពានថៃលើកម្ពុជាទេ

Liny Chan

(ភ្នំពេញ)៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅកម្ពុជា បានចេញមកទាត់ចោលការផ្សាយរបស់ថៃថា មានពលរដ្ឋរុស្ស៉ីធ្វើជាទាហានស៉ីឈ្នួលឲ្យកម្ពុជា ក្នុងសង្គ្រាមឈ្លានពានថៃលើកម្ពុជា។

លោក Anatoly Borovik បានច្រានចោលបែបនេះ ក្នុងសន្និសីទសារព័ត៌មានរបស់លោក ស្តីពីលទ្ធផលគោលនយោបាយការបរទេសរុស្ស៉ី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សេចក្តីប្រកាសរបស់ថៃ? មិនដែលមានព័ត៌មានបែបនេះទេ។ ដូច្នេះមិនមានភស្តុតាងអ្វីឡើយ។ បើថៃចោទដោយព័ត៌មានក្លែងក្លាយ យើងខាតពេលច្រើន។ ខ្ញុំមិនធ្វើអត្ថាធិប្បាយទេ»

សូមជម្រាបថា ស្ថានទូតរុស្ស៉ី នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ក៏បានថ្លែងសារថា សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលអះអាងថា មានពលរដ្ឋរុស្ស៉ីបានធ្វើជាទាហានស៊ីឈ្នួល នៅក្នុងជម្លោះព្រំដែន រវាងថៃ និងកម្ពុជា គឺជារឿងមិនពិតនោះទេ។

ស្ថានទូតរុស្ស៉ី អះអាងថា ព័ត៌មានដែលពលរដ្ឋរុស្ស៉ីមួយចំនួនធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះរវាងប្រទេសទាំង២ គឺជារឿងមិនពិត ហើយ ទំនងជាត្រូវបានប្រឌិតឡើងដោយពីប្រភពនៅខាងក្រៅតំបន់។ ស្ថានទូតបន្ថែមថា ការចោទប្រកាន់បែបនេះអាចធ្វើឱ្យប៉ះពាល់ដល់ សិទ្ធិរបស់ពលរដ្ឋរុស្ស៉ីនៅក្នុងប្រទេសថៃ ដែលស្នាក់នៅក្នុងប្រទេសមួយនេះ ជាភ្ញៀវទេសចរណ៍ ឬធ្វើជំនួញ ហើយក៏អាចបំផ្លាញដល់ទំនាក់ទំនងយូរអង្វែងរវាងរុស្ស៉ី និងថៃផងដែរ។

ស្ថានទូតរុស្ស៉ី រក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងជាមួយកម្ពុជា និងថៃ ហើយគាំទ្រដល់ដំណោះស្រាយសន្តិវិធីដើម្បីបិទបញ្ចប់ជម្លោះព្រំដែន។

យោធាថៃ បានបើកការឈ្លានពានលើកកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជា បានស្វាគមន៍ការស្នើរបស់សហគមន៍អន្តរជាតិ ដើម្បីការដោះស្រាយសន្តិភាពដោយសន្តិភាពវិធី​ ប៉ុន្តែភាគីថៃបានទាត់ចោលសំណើទាំងនោះ។

សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជាបានបង្កឱ្យមានផលវិបាកយ៉ាងច្រើន ខណៈយោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់រួមទាំងយន្តហោះទម្លាក់គ្រាប់បែកវាយប្រហារមិនត្រឹមតែកងទ័ពទេ ក៏បានយកជនស៊ីវិលជាគោលដៅ។ កុមារជាង ១២៧ ០០០ នាក់បានរត់ភៀសខ្លួនជាមួយឪពុកម្តាយនិងក្រុមគ្រួសាររបស់ពួកគេ, ចោលផ្ទះសម្បែង សាលារៀនជាដើម។

ត្រឹមម៉ោង ២រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងយកជនស៊ីវិល ជាគោលដៅវាយប្រហារផង ធ្វើឱ្យជនស៊ីវិលស្លាប់ ១៥នាក់ និងរបួស ៧៣នាក់។ ជនភៀសសឹកចំនួន ៤០៩ ២៩៣នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News