ព័ត៌មានជាតិ December 16, 2025

ក្រសួងការពារជាតិ៖ យោធាថៃ បន្តបាញ់ផ្លោងចូលដែនអធិបតេយ្យភាពទឹកដីកម្ពុជា នៅតាមសមរភូមិមួយចំនួន និងបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិព្រៃចាន់

Liny Chan

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។

ទី១៖ ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

– ម៉ោង ១:០០នាទីរំលងអាធ្រាត្រ យោធាថៃបានធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទ តាក្របី និងជប់អង្គុញឥតដាច់។
– ម៉ោង ៥:៣០នាទី យោធាថៃចាប់ផ្តើមធ្វើការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
– ម៉ោង ៦:០០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់ និងថ្មដូន។
– ម៉ោង ៧:២០នាទី យោធាថៃបានបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច ដោយប្រើប្រាស់កាំភ្លើងដៃបំពាក់លើរថក្រោះ។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ទី២៖ ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៨:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

*ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥

– ម៉ោង ១៨:២០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ២០:២៧នាទី យោធាថៃបានបាញ់ផ្លោងជ្រុំចេញពីនាវាចូលភូមិសាស្ត្រអូរភ្លុកដំរី។
– ម៉ោង ២២:៣៣នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិសាស្ត្រអូរភ្លុកដំរី។

*ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

– ម៉ោង ១២:១៤នាទីរំលងអាធ្រាត្រ យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិសាស្ត្រអូរភ្លុកដំរីបន្ថែមទៀត។
– ម៉ោង ៦:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។
– ម៉ោង ៦:៣០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ៧:១០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានរុលចូលមកខាងមុខ ភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ៧:៣៦នាទី យោធាថៃចាប់ផ្តើមបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិព្រៃចាន់។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News