សម្តេចតេជោ ហ៊ុន សែន បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃដែលថា កម្ពុជាមានទាហានរុស្ស៉ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកបដិសេធ ចំពោះការផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលថា កម្ពុជាមានទាហានរុស្ស៉ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាពុំមានជនជនជាតិរុស្ស៉ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា «ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថា មានទាហានរស្ស៉ី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។
ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៉ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្ស៉ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។
យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្ល៉េះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេស ចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេស ដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុ ដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។
យើងក៏ទទួលស្គាល់ផងដែរថា ពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍ កំពុងស្នាក់នៅកម្ពជា ដែលជាទេសចរណ៍ វិនិយោគិន អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធា ឬការប្រយុទ្ធនោះឡើយ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

