ព័ត៌មានជាតិ December 23, 2025

ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ ណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកាលើបណ្ដាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់

Liny Chan

(ភ្នំពេញ)៖ ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើងដោយប្រទេសថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន បានឱ្យដឹងថា ការចូលទៅបញ្ចេញមតិ (Comment) ចែករំលែក (Share) ឬចុចប្រតិកម្ម (React) លើអត្ថបទ រូបថត រូបភាព វីដេអូ ឬសារទម្រង់ផ្សេងៗ ដែលជាមាតិកាតាមបណ្ដាញសង្គមរបស់ប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ (ព័ត៌មានក្លែងក្លាយ) គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយមាតិកានោះ ដោយមិនដឹងខ្លួន។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមបញ្ជាក់ជូនថា ទង្វើខាងលើនេះ ធ្វើឱ្យព័ត៌មានក្លែងក្លាយ បាននិងកំពុងសាយភាយ បំភ្លៃ ភូតកុហក ញុះញង់ និងបំបាក់ស្មារតី ដែលអាចគ្របដណ្ដប់លុបលើសច្ចភាព នៅតាមបណ្ដាញផ្សព្វផ្សាយផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មានផ្លូវការរបស់កម្ពុជា។

ទន្ទឹមនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដូចជា ChatGPT និង Gemini បាននិងកំពុងទាញយកព័ត៌មានទាំងនោះទៅប្រើប្រាស់ និងចែករំលែកកាន់តែច្រើន ដែលធ្វើឱ្យពិភពលោកយល់ច្រឡំថាជាព័ត៌មានពិត ខណៈព័ត៌មានទាំងនោះកំពុងត្រូវបានប្រើប្រាស់ ដើម្បីបិទបាំងទង្វើឈ្លានពានយ៉ាងកំរោលរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមអំពាវនាវដល់សាធារណជន ឱ្យបញ្ឈប់រាល់ការផ្សព្វផ្សាយបន្ត និងការចែករំលែកមាតិកា ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ ដោយត្រូវអនុវត្តដូចខាងក្រោម៖

ទី១៖ រាយការណ៍បញ្ហា (Report) និងទប់ស្កាត់ (Block) ទំព័រហ្វេសប៊ុក (Facebook Page) ឬគណនីហ្វេសប៊ុក (Facebook Account) និងបណ្ដាញសង្គមនានា ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។

ទី២៖ ចុចប្រតិកម្មកំហឹង (Angry) លើអត្ថបទ មាតិកា និង/ឬព័ត៌មាន ដែលបាននិងកំពុងផ្សព្វផ្សាយយ៉ាងសកម្ម លើទំព័រហ្វេសប៊ុក (Facebook Page) ឬគណនីហ្វេសប៊ុក (Facebook Account) ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។

ទី៣៖ ចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ សូមលើកកម្ពស់ការយកចិត្តទុកដាក់ អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។

ទន្ទឹមនេះដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមកោតសរសើរ និងលើកទឹកចិត្តដល់អ្នកផលិតមាតិកា និងសាធារណជន ដែលស្រឡាញ់យុត្តិធម៌ និងសន្តិភាព សូមបន្តចូលរួមផលិតមាតិកា ផ្សព្វផ្សាយ និងចែកចាយបន្តសំឡេង និងសច្ចភាពរបស់កម្ពុជា ទៅកាន់សកលលោក តាមរយៈបណ្ដាញសង្គមសំខាន់ៗផងដែរ។

ការចូលរួមចំណែកទាំងនេះ នឹងធ្វើឱ្យព័ត៌មានបំផ្លើស និងគ្មានសច្ចភាពរបស់ថៃ បាត់បង់ប្រជាប្រិយភាពនៅលើបណ្ដាញសង្គម ក៏ដូចជានៅលើបណ្ដាញព័ត៌មានពិភពលោក។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សង្ឃឹមថា អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះ ឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព និងធានាការផ្សព្វផ្សាយប្រកបដោយភាពទុកចិត្ត និងសុវត្ថិភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News