ប្រមុខការទូតកម្ពុជា ប្រាប់អង្គប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានថា ថៃចាប់ខ្លួនទាហានកម្ពុជា១៨នាក់ដោយខុសច្បាប់ និងស្នើឲ្យមានការដោះលែង
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់អង្គប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានថា ថៃបានចាប់ខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ និងស្នើឲ្យមានការដោះលែងពួកគាត់វិញ។

លោកបានថ្លែងបែបនេះ ក្នុងសន្និសីទព័ត៌មានមួយ បន្ទាប់ពីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៉ី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
ថ្ងៃនេះជា ថ្ងៃទី១៤៧ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏បានរំលឹក ទៅដល់អង្គប្រជុំដែរថា ទាហានយើងទាំង ១៨នាក់ ត្រូវបានចាប់ខ្លួនដោយខុសច្បាប់។ អីចឹង សុំឲ្យអង្គប្រជុំ រួមគ្នាឲ្យមានការដោះលែងទាហានរបស់យើងទាំង ១៨នាក់នេះ»។
កម្ពុជាបានអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់» ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




