ព័ត៌មានជាតិ December 24, 2025

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ការវាយប្រហារមិនរើសគោលដៅរបស់យោធាថៃមកលើកម្ពុជា ជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ

Liny Chan

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រដែល មានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងកោះកុង។

ជាក់ស្តែងគិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនស៊ីវិលបានស្លាប់ចំនួន ២១នាក់ និងរងរបួសចំនួន ៨៣នាក់ ជនភៀសសឹកកើនដល់ ៦០៧ ៩៨០នាក់ និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លាញ រួមមានផ្ទះប្រជាពលរដ្ឋ ប្រាសាទបុរាណ អគារឯកជន អគារស្នាក់នៅ/សណ្ឋាគារ ស្ថានីយ៍ ប្រេង ឃ្លាំងទិញដំឡូង ឃ្លាំងទំនិញ បង្គោលអង់តែនទូរសព្ទ សាលារៀន មណ្ឌលសុខភាព អគាររដ្ឋ វត្ត សាលាឆទាន ស្ពាន ផ្សារ ផ្លូវ រថយន្ត និងម៉ូតូ។

ទង្វើដ៏ឃោរឃៅ និងអមនុស្សធម៌នេះ មិនត្រឹមតែជាការរំលោភអធិបតេយ្យភាព និងបូរណភាពដែនដី របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ជាពិសេស សិទ្ធិរស់រានមានជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនស៊ីវិល ព្រមទាំងសិទ្ធិលើទ្រព្យ សម្បត្តិ ដែលត្រូវបានការពារយ៉ាងគត់មត់ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ លើសពីនេះទង្វើបាញ់ប្រហារលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល គឺជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគោលការណ៍ជាមូលដ្ឋាននៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងពិធីសាបន្ថែមពាក់ព័ន្ធ ដែលហាមឃាត់ដាច់ខាតចំពោះការវាយប្រហារលើជនស៊ីវិល និងទាមទារឱ្យការពារប្រជាជននៅគ្រប់កាលៈទេសៈ។

ការប្រើកម្លាំងយោធាឆ្លងកាត់ព្រំដែន និងវាយប្រហារលើទឹកដីរដ្ឋអធិបតេយ្យមួយផ្សេងទៀត ដោយគ្មានមូលហេតុដើម្បីការពារខ្លួនស្របតាមច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន (Crime of Aggression)។ ការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល ព្រមទាំងការបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាឧក្រិដ្ឋកម្មសង្គ្រាម (War Crimes) និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (Crimes Against Humanity)។ ទង្វើដែលមិនអាចទទួលយកបានទាំងនេះត្រូវតែមានការទទួលខុសត្រូវតាមច្បាប់អន្តរជាតិ។

គ.ស.ម.ក. នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀតលើករណីអំពើព្រៃផ្សៃ និងយង់ឃ្នងរបស់រដ្ឋាភិបាល និងយោធាថៃ ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងភាគីពាក់ព័ន្ធដទៃទៀត ឱ្យថ្កោលទោសដាក់សម្ពាធ និងចាត់វិធានការគ្រប់យន្តការ ជាបន្ទាន់និងយ៉ាងម៉ឺងមាត់ ព្រមទាំងទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។ ញត្តិទាំងនេះ គឺជាឯកសារយោងដ៏សំខាន់ សម្រាប់ការពិភាក្សា ក្នុងកិច្ចប្រជុំនៃយន្តការសិទ្ធិមនុស្សនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីភាគីថៃ មកលើប្រទេសកម្ពុជា។

គួររម្លឹកផងដែរថា យោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើកច្រើនសា មកលើកម្ពុជា ដោយប្រើអាវុធគ្រប់ធុន រួមទាំងយន្តហោះចម្បាំង F-16 និង T-50TH ចូលយ៉ាងជ្រៅមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានបង្ហាញថាជាការឈ្លានពានយ៉ាងច្បាស់ មិនមែនជាបញ្ហាជម្លោះព្រំដែនឡើយ ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។ ជាងនេះទៀត ថ្មីៗនេះ លោកប្រធានាធិបតី Donald J. Trump បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ប្រទេសថៃ ជាអ្នកចាប់ផ្តើមឈ្លានពានមកលើប្រទេសកម្ពុជាមុន» ហើយកម្ពុជាពិតជាប្រទេសរងគ្រោះដោយការ ឈ្លានពានរបស់ថៃ និងមានសិទ្ធិពេញលេញក្នុងការប្រើសិទ្ធិការពារខ្លួនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងន័យនេះ គ.ស.ម.ក. សូមអំពាវនាវយ៉ាងទទួចដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ អង្គការ សិទ្ធិមនុស្សអន្តរជាតិ និងតំបន់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ឱ្យប្រើប្រាស់គ្រប់យន្តការ និងសម្ពាធផ្សេងៗ ដើម្បីបង្ខំឱ្យប្រទេសថៃបញ្ឈប់ភ្លាមៗនូវទង្វើឈ្លានពាន ការប្រើកម្លាំងយោធា និងការបាញ់ប្រហារលើជន ស៊ីវិល ក៏ដូចជាការធានាឱ្យមានការទទួលខុសត្រូវចំពោះអ្នកដែលបានប្រព្រឹត្តអំពើរំលោភបំពានទាំងនេះ។

គ.ស.ម.ក. សូមបញ្ជាក់ជាថ្មីថា សន្តិភាព សុវត្ថិភាព និងការគោរពសិទ្ធិមនុស្ស មិនអាចកើតមានបានឡើយ ក្រោមជម្រើសនៃការប្រើប្រាស់សព្វាវុធ និងអំពើហិង្សា ហើយទង្វើរំលោភច្បាប់អន្តរជាតិណាមួយ ត្រូវតែត្រូវបានថ្កោលទោសយ៉ាងដាច់អហង្ការ និងដោះស្រាយដោយយុត្តិធម៌ ដើម្បីការពារសណ្តាប់ធ្នាប់តំបន់ និងពិភពលោក។

គ.ស.ម.ក. នឹងបន្តតាមដាន កត់ត្រា និងរាយការណ៍យ៉ាងពេញលេញពីអំពើរំលោភសិទ្ធិមនុស្សទាំងនេះ និងឈរជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋទាំងឡាយរបស់ប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News