រដ្ឋមន្ត្រីការបរទេសបារាំង សន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបទេសកម្ពុជា និងថៃ អំពាវនាវឱ្យមានបទឈប់បាញ់ភា្លមៗ
(ភ្នំពេញ)៖ លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានអំពាវនាវរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ មានបទឈប់បាញ់ភា្លមៗ។

លោក ហ្សង់-ណូអែល បារ៉ូ បានអំពាវនាវបែបនេះ ក្នុងឱកាសពិភាក្សាតាមទូរសព្ទជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក Sihasak Phuangketkeow រដ្ឋមន្រ្តីការបរទេសថៃ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។
បើតាមស្ថានទូតបារាំងប្រចាំការកម្ពុជា មួយថ្ងៃក្រោយកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីជម្លោះរវាងប្រទេសទាំងពីរ (ពោលគឺថ្ងៃទី២២ ខែធ្នូ) និងមួយថ្ងៃមុនការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនារវាងកងកម្លាំងទាហាននៃប្រទេសទាំងពីរ រដ្ឋមន្ត្រីបារាំងបានអំពាវនាវឱ្យមានបទឈប់បាញ់ភា្លមៗ និងបានលើកឡើងជាមួយដៃគូសន្ទនា អំពីបែបបទនានានៃការកាត់បន្ថយភាពតានតឹង។
លោករដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្ររបស់ប្រទេសបារាំង ដល់កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ដើម្បីទទួលបានដំណោះស្រាយជម្លោះដោយការចរចាគ្នា និងបានគូសបព្ជាក់អំពីការកៀរគររបស់ប្រទេសបារាំងក្នុងដំណោះស្រាយនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

