លិខិតចំហររបស់ លោក ជា ច័ន្ទបរិបូរណ៌៖ ថ្នាក់ដឹកនាំកំពូលៗថៃ ត្រូវនាំខ្លួនទៅតុលាការឧក្រិដ្ឋកម្មសង្គ្រាម
(ភ្នំពេញ)៖ លោក ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតវិសមញ្ញ និងពេញសាមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី រ៉ូម៉ានី ក្រិច ស៊ីប លីទុយអានី ឡាតវីយ៉ា និងអេស្តូនី បានចេញលិខិតចំហមួយ ដោយអំពាវនាវឲ្យនាំថ្នាក់ដឹកនាំកំពូលៗរបស់ថៃទៅកាន់តុលាការឧក្រិដ្ឋកម្មសង្គ្រាម ចំពោះអំពើវាយប្រហារដែលត្រូវបានអះអាងថា បានប្រព្រឹត្តលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងលិខិតចំហនេះ លោកឯកអគ្គរាជទូតបានបញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហារដោយអាវុធលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល មិនមែនជារឿងដែលអាចទទួលយកបានឡើយក្រោមច្បាប់អន្តរជាតិ។ អំពើហិង្សាដែលត្រូវបានអះអាងថា បានកើតមាន រួមមានការវាយប្រហារលើជនស៊ីវិល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្ទះសម្បែងប្រជាពលរដ្ឋ ការផ្តាច់ស្ពាន បំផ្លាញផ្លូវថ្នល់ ការលួចយកទ្រព្យសម្បត្តិ និងការវាយចូលជ្រៅមកក្នុងទឹកដីនៃដែនអធិបតេយ្យភាពរបស់កម្ពុជា។ លោកបានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ គឺជាអំពើធ្ងន់ធ្ងរដែលប៉ះពាល់ដល់មនុស្សធម៌ សន្តិភាព និងកិត្តិយសរបស់ច្បាប់អន្តរជាតិ។
លើសពីនេះទៅទៀត លោកបានលើកឡើងអំពី សេចក្តីរាយការណ៍ និងការអះអាងយ៉ាងធ្ងន់ធ្ងរ ថាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម និងសារធាតុផ្សែងពុល ក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅ។ លោកបានពន្យល់ថា គ្រាប់បែកចង្កោម គឺជាអាវុធដែលបង្កគ្រោះថ្នាក់យ៉ាងទូលំទូលាយ និងបន្តគ្រោះថ្នាក់យូរអង្វែង ព្រោះគ្រាប់បែកជាច្រើនអាចមិនផ្ទុះភ្លាមៗ ហើយនៅសល់ជាគ្រាប់មរណៈ ដែលបន្តគំរាមកំហែងដល់ជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ។ ចំណែកឯការប្រើប្រាស់សារធាតុផ្សែងពុល លោកបានបញ្ជាក់ថា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ ដែលហាមឃាត់ការប្រើប្រាស់អាវុធដែលបង្កគ្រោះថ្នាក់មិនរើសមុខ និងប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។
ក្នុងលិខិតចំហដដែល លោក ជា ច័ន្ទបរិបូរណ៌ បានរំលឹកថា ការវាយប្រហារដោយចេតនាលើគោលដៅស៊ីវិល និងបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភយ៉ាងច្បាស់លាស់លើគោលការណ៍មូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ។ លោកបានបញ្ជាក់ថា គោលការណ៍ «ការបែងចែក» និង «សមមាត្រ» ត្រូវបានបង្កើតឡើង ដើម្បីការពារជនស៊ីវិលពីគ្រោះថ្នាក់នៃសង្គ្រាម ហើយបើអំពើទាំងនេះត្រូវបានអនុវត្តដោយការមិនគោរព ឬដោយចេតនា វាមិនអាចត្រូវបានបំភ្លេច ឬលើកលែងទោសបានឡើយ។
លោកបានសង្កត់ធ្ងន់ថា ជនស៊ីវិលជាជនរងគ្រោះដ៏គ្មានអាវុធ រួមមានកុមារ ស្ត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋសាមញ្ញ មិនគួរត្រូវបានដាក់ជាគោលដៅនៃអាវុធសង្គ្រាមឡើយ។ ការបំផ្លាញសាលារៀន វត្តអារាម និងប្រាសាទបុរាណ ត្រូវបានលោកចាត់ទុកថា ជាការបំផ្លាញអនាគត ការបំផ្លាញសាសនា និងការបំផ្លាញអត្តសញ្ញាណវប្បធម៌របស់មនុស្សជាតិទាំងមូល។
ដោយសារភាពធ្ងន់ធ្ងរនៃអំពើដែលត្រូវបានអះអាង និងផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់ជីវិត និងសន្តិភាព លោកឯកអគ្គរាជទូតបានអំពាវនាវឲ្យមានការទទួលខុសត្រូវតាមច្បាប់។ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលៗដែលមានភារកិច្ចបញ្ជា ឬអនុញ្ញាតឲ្យកើតមានអំពើទាំងនេះ មិនអាចគេចវេសពីទំនួលខុសត្រូវបានឡើយ ហើយតាមគោលការណ៍ទំនួលខុសត្រូវតាមខ្សែបញ្ជាការ អ្នកដឹកនាំត្រូវទទួលខុសត្រូវចំពោះអំពើដែលកើតឡើងក្រោមអំណាច និងការបញ្ជារបស់ខ្លួន។
លោកបានសង្កត់ធ្ងន់ថា យុត្តិធម៌មិនមែនជាការសងសឹកទេ ប៉ុន្តែជាគន្លងដើម្បីការពារជនស៊ីវិល ការពារសន្តិភាព និងរារាំងមិនឲ្យអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរបែបនេះកើតឡើងម្តងទៀត។ លោកបានបញ្ជាក់ថា សន្តិភាពពិតប្រាកដ អាចកើតមានបានតែពេលដែលឧក្រិដ្ឋកម្មមិនត្រូវបានមើលរំលង ហើយអ្នកដែលទទួលខុសត្រូវ ត្រូវឈរមុខចំពោះច្បាប់ដោយស្មើភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
