ព័ត៌មានជាតិ December 26, 2025

ក្រសួងការពារជាតិ៖ ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃ ប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកចំនួន ៤០គ្រាប់ ចូលភូមិសាស្ត្រភូមិជោគជ័យ ដើម្បីកម្ទេចលំនៅដ្ឋានរបស់ពលរដ្ឋស៊ីវិលកម្ពុជាយ៉ាងកំរោល និងអមនុស្សធម៌

Liny Chan

(ព្រំដែន)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖

– ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News