Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សន្យាផ្តល់អាហារូបករណ៍សិក្សាថ្នាក់មហាវិទ្យាល័យ ដល់កូនចៅវីរកងទ័ពជួរមុខ ដើម្បីតបស្នងការលះបង់ដ៏ធំធេងចំពោះជាតិមាតុភូមិ

    BY Liny Chan December 27, 2025
    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សន្យាផ្តល់អាហារូបករណ៍សិក្សាថ្នាក់មហាវិទ្យាល័យ ដល់កូនចៅវីរកងទ័ពជួរមុខ ដើម្បីតបស្នងការលះបង់ដ៏ធំធេងចំពោះជាតិមាតុភូមិ

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានសន្យាថា នឹងផ្តល់អាហារូបករណ៍ថ្នាក់មហាវិទ្យាល័យ ដល់កូនឬចៅរបស់វីរកងទ័ពជួរមុខបានសិក្សារៀនសូត្រ បង្កើនចំណេះវិជ្ជា ដើម្បីតបស្នងការលះបង់ដ៏ធំធេងរបស់ពួកគាត់ចំពោះជាតិមាតុភូមិយើង។

    ការសន្យារបស់លោកជំទាវបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាស អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខប្រមាណ១២៤៤គ្រួសារ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលប្រព្រឹត្ដទៅកោះពេជ្រ។

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា «នាងខ្ញុំសន្យាថា បើមានកូនឬមួយក៏ចៅរបស់វីរកងទ័ពយើង ដែលនឹងត្រូវប្រលងបាក់ឌុបហើយត្រៀមចូលរៀនមហាវិទ្យាល័យ នាងខ្ញុំនឹងឲ្យអាហារូបករណ៍ជូនទាំងអស់គ្នា ដែលមានវត្តមាននៅក្នុងថ្ងៃនេះរហូតដល់រៀនចប់មហាវិទ្យាល័យ ពីព្រោះថាខ្ញុំអត់មានអីតបស្នងសងគុណទេ គឺមានតែបញ្ចូនកូនចៅរបស់វីរកងទ័ពរៀនសូត្រតទៅមុខទៀត ដែលនេះគឺសំខាន់បំផុតដើម្បីការសិក្សា និងអនាគតរបស់កូនចៅពួកគាត់ ដូច្នេះហើយនេះជាអ្វីមួយដែលនាខ្ញុំអាចជួយ បានក្នុងការសម្រាលបន្ទុករបស់បងប្អូនវីរកងទ័ព ដែលបានលះបង់យ៉ាងធំធេងដើម្បីជាតិមាតុភូមិយើង»

    លើសពីនេះលោកជំទាវបណ្ឌិត បានណែនាំអភិបាលរាជធានីភ្នំពេញ ជួយធ្វើបណ្ណមូលនិធិក្រីក្រជូនដល់គ្រួសារវីរកងទ័ពដែលខ្សត់ចំនួន ២៩៩គ្រួសារ ដើម្បីឱ្យពួកគាត់អាចរកសេវាកម្មព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ​ ដែលជាការជួយសម្រាលការលំបាកមួយបន្ថែមទៀតសម្រាប់គ្រួសារវីរកងទ័ព។

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឲ្យដឹងទៀតថា «នៅពេលដែលសង្គ្រាមចប់ នាងខ្ញុំកំពុងតែរៀបចំជួយដល់ភរិយារបស់វីរកងទ័ពជួរមុខដែលនៅតាមព្រំដែន ដែលមួយចំនួននៅជាមួយប្តីតាមលេណដ្ឋាន ដែលមានគ្មានជំនាញផ្ទាល់ខ្លួនហើយពឹងផ្អែកលើប្តីរបស់គាត់ទាំងអស់ ដូចនេះនាងខ្ញុំកំពុងមានគំនិតមួយនៅពេលដែលចប់សង្គ្រាម នាងខ្ញុំនឹងចុះជួយពួកគាត់ឲ្យអស់លទ្ធភាព ដើម្បីឱ្យពួកគាត់មានជំនាញ មានមុខរបររកស៊ី បានចំណូលរាល់ថ្ងៃជួយរំលែកទុក្ខលំបាកគ្រួសារបានមួយផ្នែក។

    នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត​ បន្តអំពាវនាវលោកតាលោកយាយ ពុកម៉ែបងប្អូនទាំងអស់ ជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល ក្នុងការបិទបញ្ចប់សង្គ្រាមតាមនីតិវិធីសន្តិភាព​ ដោយមិនឱ្យមានការបន្តសង្គ្រាម ដែលធ្វើឲ្យបាត់បង់អាយុជីវិតកងទ័ព ប្រជារាស្ត្រស្លូតត្រង់ និងមានជនភៀសសឹកបន្ថែមទៀតឡើយ ហើយការផ្តល់ការជឿទុកចិត្តលើរាជរសដ្ឋាភិបាលនេះ គឺជាការបង្ហាញនូវកម្លាំងសមគ្គីជាតិដ៏រឹងមាំដែលគ្មានប្រទេសណាអាចបំផ្លាញបាននោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: