ព័ត៌មានជាតិ December 30, 2025

មេដឹកនាំកោះតៃវ៉ាន់ ប្តេជ្ញាមិនបង្កើនជម្លោះឬបង្កវិវាទ ស្របពេលយោធាចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំ

Liny Chan

(តៃប៉ិ)៖ នាថ្ងៃអង្គារនេះ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានប្តេជ្ញាថា តៃវ៉ាន់នឹងមិនបង្កើនជម្លោះ ឬបង្កវិវាទឡើយ ស្របពេលដែលយោធាចិនចាប់ផ្តើមថ្ងៃទី២ នៃការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ​ ដែលផ្តោតលើហ្វឹកហាត់ឡោមព័ទ្ធដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥។

លោក Lai បានបង្ហោះសារលើ Facebook យ៉ាងដូច្នេះថា «យើងនឹងធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដោយមិនបង្កើន​ជម្លោះ ឬបង្កឱ្យមានបញ្ហាវិវាទណាមួយឡើយ»។ ការបង្ហោះសាររបស់លោក Lai គឺស្របពេលដែលយោធាចិន កំពុងតែធ្វើសមយុទ្ធ​ទ្រង់ទ្រាយធំរយៈពេល២ថ្ងៃ ហៅថា Justice Mission 2025 ចាប់ផ្តើមកាលពីម្សិលមិញ។ កាលពីថ្ងៃចន្ទ ការិយាល័យរបស់លោក Lai បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស សមយុទ្ធយោធារបស់ចិន ថាជាសកម្មភាពសម្លុតគំរាមយោធា។

គួរបញ្ជាក់ថា ការដំឡើងសាច់ដុំយោធាចុងក្រោយបង្អស់នេះ គឺកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ បានប្រកាសគម្រោងលក់សព្វាវុធ​ធំបំផុតមួយ មានតម្លៃដល់ទៅជាង១១ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ និងក្រោយពីមានការអត្ថាធិប្បាយកាលពីខែវិច្ឆិកា ដោយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ដែលថា ក្នុងករណីចិន​បើកការវាយលុកលើតៃវ៉ាន់ នោះអាចនឹងបង្ខំឱ្យទីក្រុងតូក្យូ ត្រូវធ្វើអន្តរាគមន៍យោធា។ ចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បានដាច់ខាតនៃទឹកដីរបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News