ព័ត៌មានជាតិ December 30, 2025

សមាគមជនជាតិកូរ៉េ នៅកម្ពុជា ផ្តល់ជំនួយជាកង្ហារ១០០គ្រឿង ចូលរួមលើការងារសប្បុរសធម៌ និងកិច្ចការសង្គម តាមរយៈក្រសួងព័ត៌មាន ដើម្បីចែកជូនវីរកងទ័ព និងពលរដ្ឋភៀសសឹកនៅតាមព្រំដែន

Liny Chan

(ភ្នំពេញ)៖ ជាការចូលរួមចំណែកក្នុងកិច្ចការងារសប្បុរសធម៌ និងកិច្ចការសង្គមជាមួយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោក CHUNG MYUNG GYU ប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា Korean Association of Cambodia រួមជាមួយ បណ្ឌិត្យសភា Hebron, ម៉ូតូ KIA, សមាគមអាហារូបករណ៍ Han Cam នៃសាធារណរដ្ឋកូរ៉េ បាននាំយកកង្ហារចំនួន ១០០គ្រឿង មកជូនដល់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងភៀសសឹក និងជូនទៅដល់វីរកងទ័ពជួរមុខ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា រួមទាំងសប្បុរសជននានាមកពីសាធារណរដ្ឋកូរ៉េ ដែលបានសហការផ្តល់ជំនួយជាកង្ហារចំនួន ១០០គ្រឿង មកក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា តាមរយៈការផ្តល់ជូននូវអំណោយទាំងនេះ គឺជាការបញ្ជាក់ពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា ហើយបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពនៅតំបន់ជួរមុខ។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់របស់ សប្បុរសជនកូរ៉េ លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។

នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានជូនពរដល់សមាគមជនជាតិកូរ៉េ នៅកម្ពុជា រួមទាំងសប្បុរសជននានាមកពីសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ដើម្បីបុព្វហេតុកិច្ចការងារមនុស្សធម៍ និងប្រកបដោយសុខសន្តិភាព។

ប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា បានលើកឡើងថា ដោយមើលពីការលំបាករបស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងភៀសសឹក មានចំនួនច្រើន និងកងទ័ពនៅតាមព្រំដែន ទើបសមាគម រួមជាមួយបណ្តាក្រុមហ៊ុន និងសប្បុរសជននានាមកពីសាធារណរដ្ឋកូរ៉េ បាននាំយកនូវអំណោយជាកង្ហារចំនួន ១០០គ្រឿង ជូនដល់ក្រសួងព័ត៌មាន ដើម្បីនាំបន្តទៅចែកជួនដល់ជនភៀសសឹក និងជូនទៅដល់វីរកងទ័ពជួរមុខ។

តាមរយៈការផ្តល់នូវជំនួយទាំងនេះ ប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា បានបង្ហាញនូវមោទនភាពដែលបានចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ដើម្បីឆ្ពោះទៅរកគោលបំណងរួមក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋបានល្អប្រសើរនៅក្នុងខណៈពេលដែលប្រទេសកំពុងជួបការលំបាកដោយសារសង្គ្រាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News