ព័ត៌មានជាតិ January 2, 2026

គ្រឹះស្ថានសិក្សាទាំងអស់នៅខេត្តបន្ទាយមានជ័យ នឹងបើកដំណើរការឡើងវិញ​ចាប់​ពី​ថ្ងៃ​ទី​៥​មករា​តទៅ ​លើកលែងតែសាលាបឋមសិក្សាជោគជ័យ ព្រៃចាន់ និងបន្ទាយមានឬទ្ធិ

Liny Chan

យោងតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្ត​ បានបញ្ជាក់ថា គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​នឹង​បើក​ដំណើរ​ការ​បង្រៀន និង​រៀន​ឡើង​វិញ​នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

តាមសេចក្តីណែនាំរបស់មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្តបន្ទាយមានជ័យបានបញ្ជាក់ផងដែរថា គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​នឹង​បើក​ដំណើរ​ការ​ឡើងវិញបាន លើកលែងតែ​សាលាបឋមសិក្សា ជោគ​ជ័យ សាលាបឋមសិក្សា ព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សា បន្ទាយមានឬទ្ធិ និង​អនុ​វិទ្យាល័យ​ បន្ទាយមានឬទ្ធិ (ស្រុកថ្មពួក) នៅ​ពុំទាន់អាចដំណើរការបានទេ។

ជាមួយគ្នានេះដែរកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្តកោះកុង ក៏​បាន​​ជូនដំណឹង​ពីការបើកដំណើរការបង្រៀន និងរៀន​ឡើង​វិញ​នៅ​តាម​គ្រឹះស្ថា​ន​សិក្សា​ដែល​បាន​ផ្អាក​ដំណើរការកន្លងទៅ។ ក្នុងនោះក៏បានឲ្យរៀបចំជីកជាលេណដ្ឋាន(ត្រង់សេ) រួម​មួយ​នៅតាម​សាលា​រៀន​រៀងៗ​ខ្លួន និងត្រៀមស្បៀងដើម្បីអាចរៀនរស់ក្នុងសង្គ្រាមផងដែរ។

សូមជម្រាបជូនថា ក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខា​លើ​កិច្ច​ព្រៀម​ព្រៀង​បទ​ឈប់​បាញ់​បន្ទាន់​នៅ​នឹង​កន្លែង​កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សភាព​ការណ៍​នៅ​​ព្រំដែន​មានសភាពស្ងប់ស្ងាត់ ដែលបង្ក​លក្ខណៈ​ឲ្យ​​ប្រជាពលរដ្ឋភៀសសឹក បាន​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែងវិញបណ្តើរៗ។ ចំណែកសេវារដ្ឋបាល សាលារៀន និង​សេវា​សុខាភិបាល​មួយ​​ចំនួន​ក៏បានឲ្យ​ដំណើរការឡើងវិញផងដែរ៕

ប្រភព៖ ក្រសួងព៌ត៍មាន
ផ្សាយ៖​ កន ចំណាន