អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការដាក់ទូកុងទីន័រ ការរាយបន្លាលួស និងដោតទង់ជាតិរបស់ភាគីថៃ មិនមែនបញ្ជាក់ថា ទីតាំងនោះជាបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរឡើយ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា នៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់យើងឃើញថា ភាគីថៃបានធ្វើសកម្មភាពដាក់ទូកុងទីន័រ រាយបន្លាលួស ដោតទង់ជាតិ ហើយក៏មានការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋស៊ីវិលយើងមួយចំនួននៅក្នុងទីតាំងមួយចំនួន ដែលនេះគឺជាសកម្មភាពបំពានលើបូរណភាព ទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយនិងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ជាដើម។

ក្នុងកម្មវិធីផ្សាយផ្ទាល់ការធ្វើ« បច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ » នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះទៅកាន់ភាគីថៃ ហើយកម្ពុជាប្រកាន់ជំហរ ម៉ឺងម៉ាត់នៅក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែន ឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ដូច្នេះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនថា«ការដាក់ទូកុងទីន័រ ការរាយបន្លាលួស និងដោតទង់ជាតិរបស់ភាគីថៃ មិនមែនបញ្ជាក់ថា ទីតាំងនោះជាបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរឡើយ។ ហើយកម្ពុជាគោរពស្មារតី នៃសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែន»។
ភាគីថៃក៏បានអះអាងថា ខ្លួនគោរពស្មារតីនៃសេចក្ដីប្រកាសរួមនេះដូចគ្នាដែរ ខណៈដែលសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ហើយជំរុញឱ្យភាគីទាំងពីរអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងនេះដោយស្មោះត្រង់និងឱ្យមានប្រសិទ្ធភាព។
ដូច្នេះដំណោះស្រាយស្របតាមច្បាប់អន្តរជាតិស្ដីពីបញ្ហាព្រំដែន កម្ពុជា-ថៃ នឹងកើតមាននៅពេលខាងមុខនេះ សូមជនរួមជាតិយើងទុកចិត្តលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់យើងនៅក្នុងការដោះស្រាយបញ្ហានេះ។ នេះជាការគូសបញ្ជាក់របស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន AKP
ប្រភព៖ ក្រសួងព័ត៌មាន


