ព័ត៌មានជាតិ January 5, 2026

គិតត្រឹមព្រឹកថ្ងៃទី៥ ខែមករានេះគ្រឹះស្ថាន សិក្សាចំនួន ១៧៦ក្នុងចំណោម គ្រឹះស្ថានសិក្សា ២៦០នៅខេត្តឧត្តរមានជ័យបាន ចាប់បើកដំណើរការឡើងវិញ

Liny Chan

ក្រសួងអប់រំបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៥ មករា ២០២៦នេះ គ្រឹះស្ថាន សិក្សាចំនួន១៧៦ក្នុងចំណោម គ្រឹះស្ថានសិក្សា២៦០នៅខេត្តឧត្តរមានជ័យបាន ចាប់បើកដំណើរឡើងវិញហើយ។

ក្រសួងអប់រំបានឱ្យដឹងនាថ្មីៗនេះដែរថាសាលាបឋមសិក្សាតាមន្តសែនជ័យ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ក្បែរនឹងប្រាសាទតាមាន់ធំ ត្រូវបានបំផ្លាញទាំងស្រុង។ លើសពីនេះ អគារថ្មី ដែលសង់មិនទាន់រួច ក៏ត្រូវគ្រាប់ផ្លោងថៃខ្ទេចយ៉ាងដំណំផងដែរ។

សាលាបឋមសិក្សាតាមន្តសែនជ័យ ស្ថិតនៅក្នុងភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្រសួងអប់រំបានឱ្យដឹងដែរថាអគារថ្មីនេះ ត្រូវបានសាងសង់ដើម្បីជំនួសអគារ ដែលបានបំផ្លាញកាលពីសង្រ្គាមកម្ពុជា-ថៃ កាលពីខែកក្កដា។ ប៉ុន្តែគ្រាប់ផ្លោងយោធាថៃជាង១០គ្រាប់ បានបំផ្លាញទាំងសំណង់ទាំងអស់ក្នុងសាលា។ អគារផ្ទះបាយ អគារបន្ទប់ទឹក ថ្នាក់រៀនបណ្ដោះអាសន្ន និងអគារដែកថ្មី សុទ្ធតែត្រូវបានបំផ្លាញទាំងស្រុងដូចគ្នា។ នៅក្នុងបរិវេណសាលារណ្ដៅគ្រាប់មានជាច្រើនកន្លែង ហើយអំបែង បានខ្ទាតឆ្ងាយរហូតដល់ខាងក្រៅរបងសាលាថែមទៀត។

លើសពីនេះសង្រ្គាមឈ្លានពានក្នុងខែធ្នូ ឆ្នាំ២០២៥កន្លងមក អគារចាស់៦បន្ទប់ និងសំណង់ទាំងអស់ ត្រូវបានបំផ្លាញទាំងស្រុង។នេះជាអំពើយង់ឃ្នងពីសំណាក់យោធាឈ្លានពានថៃ៕

ប្រភព៖ ក្រសួងព័ត៌មាន
ដោយ៖មករា