ព័ត៌មានជាតិ January 9, 2026

មន្ត្រីក្រសួងការងារបានបង្ហាញអំពីឱកាសការងារនៅតែមានជានិច្ចសម្រាប់ជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ

Liny Chan

មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអោយដឹងថា នៅដើមឆ្នាំ២០២៦នេះ កម្ពុជាមានឱកាសការងារចំនួន ៨១ ៧០៧កន្លែង នៅតាមរាជធានី-ខេត្ត ដែល ស្ថិតក្នុងវិស័យសំខាន់ៗចំនួន ៣ រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។

យោងតាមព័ត៌មានផ្សព្វផ្សាយដោយក្រសួងការងារកាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានអោយដឹងថា រាជធានី-ខេត្ត ដែលអាចផ្តល់ឱកាសការងារមានដូចជានៅ រាជធានីភ្នំពេញ មានចំនួន ២៥ ២១២កន្លែង, ខេត្តកំពង់ស្ពឺ មានចំនួន ១៩ ០២៣កន្លែង, ខេត្តកណ្ដាលមានចំនួន ១០ ៦៩៥កន្លែង, ខេត្តតាកែវមានចំនួន ៨ ៧៧៤កន្លែង ខេត្តស្វាយរៀងមានចំនួន ៥ ២៥១កន្លែង ខេត្តកំពង់ឆ្នាំងមានចំនួន ៤ ៥១៨កន្លែង ខេត្តព្រះសីហនុមានចំនួន ១ ៦៥៩កន្លែង ខេត្តក្រចេះមានចំនួន ១ ១៨២កន្លែង និងខេត្តកំពង់ចាមមានចំនួន ៨១៩កន្លែង។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា កាលពីឆ្នាំ២០២៥ កម្ពុជាទទួលបាន គម្រោងវិនិយោគចំនួន៦៣០ ដែលបានបង្កើតការងារជាង៤៣៨ពាន់កន្លែង ដែលនៅក្នុងនោះគម្រោងទើបចាប់ផ្តើម៦ខែចុងឆ្នាំ២០២៥កន្លងនេះ បានឆ្លើយតបទាន់ពេលវេលាក្នុងការ ផ្តល់ឱកាសការងារដល់បងប្អូនពលករត្រឡប់មកពីប្រទេសថៃ។

មន្ត្រីក្រសួងការងារ បានឱ្យដឹងថា គិតមកដល់ពេលនេះ មានអតីតពលករត្រឡប់មកពី ប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយដែល បានទទួលការងារតាមរយៈយន្ដការរបស់ក្រសួង។ ចំណែកឯអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។

សូមបញ្ជាក់ថាក្រសួងការងារបានរៀបចំវេទិកាការងារជិត៦០០លើកនៅតាមឃុំសង្កាត់ដើម្បីបង្ហាញឱកាស ការងារជូនពលករខ្មែរ និងបើកវគ្គបណ្តុះបណ្តាលជំនាញនានា ដើម្បីងាយស្រួលនៅក្នុងការស្វែងរកការងារធ្វើ ដូចជាថ្មីៗនេះ ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញកាត់ដេររយះពេល៣ខែជូនអតីតពលករពីប្រទេសថៃនិងប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភក្នុង១ថ្ងៃ៨ដុល្លារដែលនៅពេលចប់នឹងទទួលបានឱកាសការងារភ្លាមៗនៅតាមបណ្តារោងចក្រសហគ្រាស។

មន្ត្រីក្រសួងការងារ បានបន្តអំពាវនាវដល់អតីតពលករត្រឡប់មកពីប្រទេសថៃ ដែលនៅមិនទាន់ទទួលបានការងារងារធ្វើ សូមទាក់ទងទៅលេខទូរសព្ទ ១២៩៧ដែលមាន មន្ត្រីក្រសួងរង់ចាំទទួលរាល់ម៉ោងធ្វើការដើម្បីជួយសម្របសម្រួលស្វែងរកការងារជូន៕ ប្រភព៖ ក្រសួងព័ត៌មាន