ព័ត៌មានជាតិ January 12, 2026

ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន​ ដំណាក់កាលទី៣ ក្នុងទំហំទឹកប្រាក់ប្រមាណជាង១១ លានដុល្លារអាមេរិក

Liny Chan

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។

តាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់តាមបណ្តាញសង្គមការងារផ្លូវការថា ការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនេះ សំដៅលការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង”សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន​ ដំណាក់កាលទី៣​ =​ Integrated Mine Clearance and Victim Assistance(Phase3)” ជូនរាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីគាំទ្រអង្គភាពCMAC ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១ លានដុល្លារអាមេរិក។

ឯកឧត្តម បានបន្តថា គម្រោងនេះសម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាពCMAC នៅខេត្តគោលដៅចំនួន៣​ គឺខេត្តបាត់ដំបង​ ពោធិ៍សាត់​ និងខេត្តកោះកុង​ ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ​ ខែមករា ២០២៦ – ១៥​ មករា​ ២០២៨។

មន្ត្រីជាន់ខ្ពស់ខាងលើ បានបញ្ចាក់ថា គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណជាង២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាពCMACត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។ បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់ សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីនALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត​ ជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ដែលបានគាំទ្រក្នុងការស្នើសុំជំនួយនេះ ជាពិសេសសូមថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រលើការបោសសម្អាតមីនមនុស្សធម៌ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង និងសម្ភារបច្ចេកទេស ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន
ដោយ៖ កន ចំណាន