ព័ត៌មានជាតិ January 15, 2026

មួយករណីទៀតហើយ! មនុស្សចំនួន ២នាក់ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដងសន្ទូចនៅការដ្ឋានសំណង់ក្នុងប្រទេសថៃ

Liny Chan

ថៃ៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដងសន្ទូចនៅការដ្ឋានសំណង់ក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៥ ខែមករា។ គិតត្រឹមពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីអត្តសញ្ញាណពិតប្រាកដរបស់ជនរងគ្រោះនៅឡើយទេ។

បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ការដ្ឋានសំណង់ដែលជាកន្លែងកើតហេតុខាងលើនេះគឺជាការដ្ឋានសាងសង់ផ្លូវ Highway មានទីតាំងស្ថិតនៅលើដងផ្លូវ Rama 2 (ផ្លូវឆ្ពោះទៅក្រៅក្រុង) នៅត្រង់ចំណុចខាងមុខសណ្ឋាគារប៉ារីស (Paris Hotel) ក្នុងតំបន់ខេត្ត Samut Sakhon។ ក្រៅពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ហេតុការណ៍នេះក៏បានបណ្តាលឱ្យរថយន្តចំនួន ២គ្រឿងរងនូវការខូចខាតផងដែរ។ សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១៤ ខែមករា ម្សិលមិញនេះ នៅក្នុងប្រទេសថៃក៏មានហេតុការណ៍បាក់ដងសន្ទូចនៅការដ្ឋានសំណង់និងធ្លាក់ទៅលើរថយន្តភ្លើងមួយខ្សែផងដែរ ហើយគ្រោះថ្នាក់នោះបានបណ្តាលឱ្យមានអ្នកស្លាប់រហូតដល់ ៣២នាក់ និងរបួសជាច្រើននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time