រដ្ឋមន្រ្តីក្រសួងកសិកម្ម ណែនាំឱ្យមន្ត្រីជំនាញ ស្រាវជ្រាវនិងសាកល្បងកែច្នៃ «ត្រីខកំប៉ុង អន្ទង់ខកំប៉ុង» ដោយតម្រូវឱ្យប្រើប្រាស់ត្រីធម្មជាតិក្នុងស្រុក ១០០%
យោងតាមការបង្ហោះរបស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកិសកម្ម រុក្ខប្រមាញ់ និងនេសាទ បានណែនាំឱ្យមន្ត្រីជំនាញនៃនាយកដ្ឋានកសិឧស្សាហកម្ម និងរដ្ឋបាលជលផល ស្រាវជ្រាវនិងសាកល្បងកែច្នៃ «ត្រីខកំប៉ុង អន្ទង់ខកំប៉ុង» ដោយតម្រូវឱ្យប្រើប្រាស់ត្រីធម្មជាតិក្នុងស្រុក ១០០%។

តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា៖ «ដោយសង្កេតឃើញថាត្រីខកំប៉ុងនៅលើទីផ្សារភាគច្រើនជាផលិតផលនាំចូល ខណៈដែលត្រីនិងអន្ទង់ស្រស់របស់យើងមានសក្តានុពលខ្ពស់តែមិនទាន់ត្រូវបានកែច្នៃអស់លទ្ធភាពនៅឡើយ ទើបឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញនៃនាយកដ្ឋានកសិឧស្សាហកម្ម និងរដ្ឋបាលជលផល ស្រាវជ្រាវនិងសាកល្បងកែច្នៃ «ត្រីខកំប៉ុង អន្ទង់ខកំប៉ុង» នេះឡើង ដោយតម្រូវឱ្យប្រើប្រាស់ត្រីធម្មជាតិរបស់យើង១០០% »។
ឯកឧត្តមក៏បានបន្តទៀតថា៖«ទោះបីជាការផលិតនាពេលបច្ចុប្បន្នសម្រាប់តែផ្គត់ផ្គង់ជាជំនួយមនុស្សធម៌ដល់បងប្អូនជនភៀសសឹក និងមិនទាន់មានលក់នៅលើទីផ្សារក៏ដោយ តែផលិតផលទាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យនៅមន្ទីរពិសោធន៍ត្រឹមត្រូវតាមស្តង់ដារួចរាល់ហើយ។ នេះគឺជាជំហានថ្មីមួយនៃវិស័យកសិឧស្សាហកម្ម ដែលធ្វើឱ្យយើងកំពុងខិតទៅជិតការផលិតជាលក្ខណៈពាណិជ្ជកម្ម ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូលនាពេលអនាគតយ៉ាងពិតប្រាកដ »៕
ប្រភព៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ




